ក្រសួងឧតុនិយមឥណ្ឌា(IMD) បានព្យាករណ៍ថា រដូវប្រាំងក្តៅខុសពីធម្មតា អាចនឹងមានថ្ងៃរលកកម្តៅកើនឡើងចំនួនទ្វេដង នៅទូទាំងតំបន់ភាគពាយ័ព្យប្រទេសឥណ្ឌា ។
តាមធម្មតា តំបន់មួយនេះ រកឃើញរលកកម្តៅរយៈពេល ៥-៦ថ្ងៃនៅក្នុងរដូវប្រាំង ប៉ុន្តែក្នុងឆ្នាំនេះ វាទំនងជាកើនឡើងចំនួនទ្វេដង មានរលកកម្តៅរយៈពេល ១០-១២ថ្ងៃ ។
អ្នកស្រី Soma Sen Roy គឺជាអ្នកវិទ្យាសាស្រ្តរបស់ IMDបាននិយាយថា តំបន់ភាគខាងលិច និងតំបន់ភាគកណ្តាលប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងមានស្ថានភាពរលកកម្តៅលើសពីកម្រិតធម្មតាក្នុងឆ្នាំនេះ ។
លោកបន្តថា ពួកយើងរំពឹងថា រលកកម្តៅនឹងលើសពីកម្រិតធម្មតាតិចតួច ជាពិសេសនៅតំបន់ភាគខាងលិច និងភាគកណ្តាលប្រទេសឥណ្ឌា ។
ទោះបីជាយ៉ាងណាក៏ដោយ IMD ពុំបានអះអាងនោះទេថាតើឆ្នាំនេះ នឹងក្តៅជាងឆ្នាំ ២០២៤ឬយ៉ាងណា ដែលជាឆ្នាំក្តៅបំផុតជាប់កំណត់ត្រារបស់ប្រទេសឥណ្ឌា ៕