សាកសពឆេះខ្លោចត្រូវបានគេមើលឃើញរាយប៉ាយពាសពេញដី ក្រោយការវាយប្រហារតាមច្រកអាកាសរបស់កងកម្លាំងប្រដាប់អាវុធស៊ូដង់ លើផ្សារមួយកន្លែងស្ថិតក្នុងទីក្រុង Darfur ខេត្ត North Darfur ។
រូបភាពវីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម ឃើញមនុស្សម្នានាំគ្នាដើររកសាកសព ពេលដែលផ្សែងហុយចេញពីលើផ្សារ ស្ថិតក្នុងភូមិ Tora ដែលមានចម្ងាយប្រហែល ៤០គ.មភាគខាងជើងទីក្រុង al-Fasher ។
នៅថ្ងៃពុធនេះ កងទ័ពស៊ូដង់ បានឡោមព័ទ្ធអាកាសយានដ្ឋានក្រុង Khartoum និងតំបន់ជុំវិញ ដែលជាការវិវត្តដ៏សំខាន់មួយទៀត នៅក្នុងជម្លោះរយៈពេល ២ឆ្នាំ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF)។
គួរឲ្យដឹងថា កងទ័ពបានដណ្តើមកាន់កាប់វិមានប្រធានាធិបតី នៅកណ្តាលទីក្រុង Khartoum កាលពីថ្ងៃសុក្រសប្តាហ៍មុន គឺជាការដណ្តើមបានមកវិញដ៏ធំមួយនៅក្នុងសង្រ្គាមដែលគំរាមកំហែងដល់ការធ្វើឲ្យប្រទេសមួួនេះបែកបាក់ ។
ខណៈពេលនោះដែរ អង្គការសហប្រជាជាតិ(UN) បានចាត់ទុកស្ថានភាពនៅក្នុងប្រទេសស៊ូដង់ថាជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតមួយរបស់ពិភពលោក ជាមួយនឹងគ្រោះទុរ្ភិក្ស នៅតាមតំបន់ជាច្រើនក្នុងប្រទេសដែលមានប្រជាជនចំនួន ៥០លាននាក់មួយនេះ ៕