ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៦ ខែមីនានេះ បានទទួលជួបសម្តែងការគួរសមជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥ (MEXT Scholarship 2025) ចំនួន ៣១នាក់ ដែលនឹងត្រូវចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន នាដើមខែមេសា និងដើមខែតុលាខាងមុខនេះ នៅទីស្តីការក្រសួង។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយចប់កិច្ចប្រជុំនេះ បានឲ្យដឹងថា នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការអបអរសាទរ និងបានផ្តល់ជាអនុសាសន៍ណែនាំដល់និស្សិតជ័យលាភីដើម្បីទទួលបានជោគជ័យក្នុងការសិក្សានៅក្នុងប្រទេសជប៉ុន ជាពិសេសនិស្សិតជ័យលាភីទាំងអស់ ត្រូវពាំនាំយកនូវចំណេះវិជ្ជា ចំណេះធ្វើ និងបទពិសោធន៍ វិលត្រលប់មកបម្រើការងារ និងរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា។ ឯកឧត្តម បានផ្តាំផ្ញើដល់និស្សិតជ័យលាភីបន្ថែមថា ត្រូវធ្វើជាទូតសុឆន្ទៈរបស់កម្ពុជា ដោយត្រូវបង្ហាញពីភាពស្មោះត្រង់ ភាពឧស្សាហ៍ព្យាយាម និងវប្បធម៌ដ៏ល្អរបស់ជនជាតិខ្មែរ និងប្រើប្រាស់ពេលវេលារបស់ខ្លួនធ្វើសកម្មភាពផ្សេងៗក្រៅពីម៉ោងសិក្សា ដូចជាការបង្កើនទំនាក់ទំនងជាមួយមិត្តភក្តិបរទេស ការធ្វើដំណើរទៅកន្លែងផ្សេងៗ និងការរៀនសូត្រពីវប្បធម៌បរទេសជាដើម។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីសិក្សាអាហារូបករណ៍រដ្ឋាភិបាលជប៉ុន គឺជាកម្មវិធីសិក្សាដ៏ល្អ ដែលកម្ពុជាកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងនាពេលអនាគត ហើយអាចចូលរួមចំណែកក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។
គួរបញ្ជាក់ថា អាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥ (MEXT Scholarship 2025) ដែលផ្តល់ជូននិស្សិតជ័យលាភីចំនួន ៣១នាក់នេះ រួមមានថ្នាក់ស្រាវជ្រាវ (Research), ថ្នាក់ឧត្តមសិក្សា (Undergraduate), ថ្នាក់មធ្យមសិក្សាបច្ចេកទេស(College of technology), ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ (Specialized training college)។ កម្មវិធីសិក្សាអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៤ និងបានផ្ដល់អាហារូបករណ៍ដល់យុវជនកម្ពុជាចាប់ពីឆ្នាំ១៩៩៣ ដែលពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕