ក្រសួងមហាផ្ទៃរុស្ស៊ី រាយការណ៍នៅថ្ងៃពុធនេះថា នគរបាលរុស្ស៊ី និងសេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី(FSB) បានរកឃើញកាកមាសបុរាណតម្លៃជាង ៦០ម៉ឺនអឺរ៉ូ នៅក្នុងទីផ្សារវត្ថុបុរាណមួយកន្លែង ស្ថិតក្នុងទីក្រុងម៉ូស្គូ ។
ការពិនិត្យផ្នែកជំនាញប្រវត្តិសាស្រ្ត ត្រូវបានធ្វើឡើងដោយសារមន្ទីរប្រវត្តិសាស្ត្ររុស្ស៊ី និងការពិគ្រោះយោបល់ជាមួយក្រុមនគរបាល Interpol ពួកគេបានបញ្ជាក់ថាកាកមាសចំនួន ៧៩ គឺជាកាកមាសដែលត្រូវបានចោរលួចចេញពីសារមន្ទីរបុរាណវិទ្យា និងវិចិត្រសិល្បៈ ស្ថិតក្នុងសង្កាត់ Saint-Remy ទីក្រុង Reims ប្រទេសបារាំង ។
អ្នកស្រី Irina Volk គឺជាអ្នកនាំពាក្យក្រសួងមហាផ្ទៃរុស្ស៊ី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមសហការីបរទេស បានបញ្ជាក់ពីករណីចារកម្មកាកមាស រួមទាំងកាកមាសបុរាណដ៏កម្រសេសសល់ពីសតវត្សរ៍ទី ១ ដល់សតវត្សរ៍ទីនៃគ.ស ។ សន្តិសុខសារមន្ទីរដែលទទួលខុសត្រូវចំពោះករណីចោរកម្មនេះ ត្រូវបានកាត់ទោស ។ ទោះបីជាយ៉ាងណាក៏ដោយ កាកមាសដែលត្រូវចោរលួចទៅបាត់នេះ ពុំធ្លាប់ដែលរកឃើញនោះទេ រហូតមកទល់នឹងពេលនេះ ។
នគរបាលរុស្ស៊ី និយាយថា វាមានតម្លៃប្រហែល ៦០៧.២០០អឺរ៉ូ ហើយបច្ចុប្បន្នក្រុមអាជ្ញាធររុស្ស៊ី កំពុងទាក់ទងជាមួយភាគីបារាំង ដើម្បីប្រគល់កាកមាសនេះ ត្រឡប់ទៅវិញ ៕