ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (២៦ មីនា) បានបើកបង្ហាញពន្ធបន្ថែមថ្មី ២៥% លើរថយន្តលក្ខណៈគ្រួសារ និងរថយន្តដឹកទំនិញធុនស្រាល ទាំងអស់ដែលនាំចូលទៅក្នុងទឹកដីអាមេរិក ចាប់ពីសប្ដាហ៍ក្រោយតទៅ នៅក្នុងការពង្រីកសង្រ្គាមពាណិជ្ជកម្មពិភពលោកឱ្យកាន់តែធំ ដែលលោកបានចាប់ផ្តើមនៅពេលទទួលបានតំណែងសេតវិមានឡើងវិញនៅឆ្នាំនេះ ហើយជាជំហានមួយដែលអ្នកជំនាញឧស្សាហកម្មរថយន្តរំពឹងថា នឹងជំរុញឱ្យតម្លៃកើនឡើង និងផលិតកម្មរងភាពមិនច្បាស់លាស់។

លោក Trump បានលើកឡើងនៅក្នុងការិយាល័យប្រធានាធិបតី Oval Office ថា "អ្វីដែលអាមេរិកនឹងធ្វើគឺដំឡើងពន្ធ ២៥% សម្រាប់រថយន្តទាំងអស់ ដែលមិនត្រូវបានផលិតនៅក្នុងសហរដ្ឋអាមេរិក"។

លោក Trump ដែលមើលឃើញថាពន្ធជាឧបករណ៍បង្កើនប្រាក់ចំណូលដើម្បីទូទាត់សងការបន្ថយពន្ធដែលលោកបានសន្យា និងដើម្បីស្តារឡើងវិញនូវមូលដ្ឋានឧស្សាហកម្មរបស់សហរដ្ឋអាមេរិកដែលធ្លាក់ចុះជាយូរមកហើយនោះ បាននិយាយថា ការដំឡើងពន្ធលើរថយន្តនោះនឹងចាប់ផ្តើមនៅថ្ងៃទី០៣ ខែមេសា ពោលគឺរយៈពេលមួយថ្ងៃបន្ទាប់ពីលោកគ្រោងនឹងប្រកាសពន្ធបដិការ ដែលសំដៅទៅលើប្រទេសនានាដែលទទួលខុសត្រូវចំពោះឱនភាពពាណិជ្ជកម្មភាគច្រើនរបស់អាមេរិក។

មុនពេលការប្រកាសរបស់លោក Trump ភាគហ៊ុនក្រុមហ៊ុនផលិតរថយន្តនានាដែលចុះបញ្ជីនៅអាមេរិក បានធ្លាក់ចុះខ្លាំង ដោយក្តីបារម្ភថាពន្ធគយនឹងបញ្ជូនរលករង្គោះរង្គើតាមរយៈឧស្សាហកម្មរថយន្តសកល ដែលកំពុងវិលវល់ក្នុងភាពមិនប្រាកដប្រជារួចទៅហើយមកពីវិធីសាស្រ្តពន្ធមិនទៀតទាត់របស់លោក Trump៕