អ៊ុយក្រែន និងរុស្ស៊ី បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកថាមិនយកចិត្តទុកដាក់លើកិច្ចចរចាសន្តិភាព ខណៈភាគីជម្លោះទាំងពីរនៅតែស្តីបន្ទោសដាក់គ្នាចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ។

ការចោទប្រកាន់ជាថ្មីកាលពីថ្ងៃពុធ បានកើតឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថាអ៊ុយក្រែន និងរុស្ស៊ីបានយល់ព្រមបញ្ឈប់ការវាយប្រហារយោធាលើនាវា នៅក្នុងសមុទ្រខ្មៅបន្ទាប់ពីការចរចាដាច់ដោយឡែកពីគ្នានៅអារ៉ាប៊ីសាអ៊ូឌីត។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា យានដ្រូនចំនួន ១១៧ គ្រឿងត្រូវបានបាញ់ចេញពីប្រទេសរុស្ស៊ីក្នុងអំឡុងពេលការវាយប្រហារទាំងយប់។ យានដ្រូនយ៉ាងហោចណាស់ ៥៦ គ្រឿងត្រូវបានបាញ់ទម្លាក់ ៤៨គ្រឿងបានបាត់បង់ដោយសារសង្គ្រាមអេឡិចត្រូនិក ហើយមិនមានការខូចខាតណាមួយត្រូវបានបង្កឡើងទេ។
ទោះយ៉ាងណាក៏ដោយ អភិបាលក្រុង Mykolaiv បាននិយាយថា មានការដាច់ចរន្តអគ្គិសនី ដោយសារតែយានដ្រូន។
នៅទីក្រុង Kryvyi Rih ការវាយប្រហាររបស់រុស្ស៊ី បានបណ្តាលឲ្យមានអគ្គិភ័យ និងខូចខាតអគារជាច្រើន ប៉ុន្តែមិនមានអ្នកស្លាប់និងរបួសត្រូវបានរាយការណ៍ទេ។ អគារនានាក៏ត្រូវបានគេរាយការណ៍ផងដែរថាបានរងការខូចខាតនៅក្នុងតំបន់ព្រំដែន Sumy ដែលបានរងការវាយប្រហារយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ពីរុស្ស៊ីវិញ ក្រសួងការពារជាតិរបស់ខ្លួនបាននិយាយថា អ៊ុយក្រែន បានបើកការវាយប្រហារដោយយានដ្រូនលើទីតាំងស្តុកឧស្ម័នរបស់ខ្លួននៅឧបទ្វីបគ្រីម៉េ និងទីតាំងបណ្ដាញថាមពលក្នុងតំបន់ Bryansk ដែលស្ថិតនៅតំបន់ព្រំដែនជាប់អ៊ុយក្រែន និងតំបន់ Sumyរបស់ប្រទេសនេះ ។
ក្រសួងខាងលើសរសេរថា របបក្រុងគីវ ដៃម្ខាងបន្តការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលស៊ីវិលរបស់រុស្ស៊ី ហើយដៃម្ខាងកំពុងធ្វើគ្រប់យ៉ាងដើម្បីបង្អាក់កិច្ចព្រមព្រៀងរុស្ស៊ី-អាមេរិក៕