អ្នកស្រុកបាននិយាយកាលពីថ្ងៃពុធ (២៦ មីនា) ថា កងទ័ពស៊ូដង់ បានបណ្តេញក្រុមគូប្រជែងរបស់ខ្លួនគឺកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF ពីភាគច្រើននៃរដ្ឋធានីខាទុំ ខណៈមេទ័ពបានចូលពិនិត្យវិមានប្រធានាធិបតី និងអាកាសយានដ្ឋាន ដែលជាការមានប្រៀបខាងយោធាដ៏សំខាន់ ក្នុងពេលដែលសង្រ្គាមកាន់តែរីកធំនេះមើលហាក់នៅឆ្ងាយពីទីបញ្ចប់ខ្លាំងណាស់។

អ្នកស្រុកបន្តថា កងកម្លាំង RSF បានដកខ្លួនចេញ ហើយកងទ័ពបានដាក់ពង្រាយនៅទូទាំងកណ្តាលទីក្រុងនោះ បន្ទាប់ពីជម្លោះដ៏បំផ្លិចបំផ្លាញរយៈពេលពីរឆ្នាំ ដែលកំពុងហែកហួរប្រទេសដ៏ធំបំផុតទី៣នៅទ្វីបអាហ្រ្វិកមួយនេះ ឱ្យធ្លាក់ចូលទៅក្នុងតំបន់បែងចែកបក្សពួកគូប្រជែង ខណៈការគ្រប់គ្រងរបស់ RSF នៅតែបង្កប់យ៉ាងជ្រៅនៅភាគខាងលិចប្រទេសស៊ូដង់។

កងទ័ពស៊ូដង់និយាយថា ខ្លួនបានទទួលការគ្រប់គ្រងលើមូលដ្ឋានយោធារបស់កងកម្លាំង RSF ដ៏សំខាន់មួយនៅភាគខាងត្បូងនៃរដ្ឋធានី ដែលខ្លួនអះអាងថាគឺជាបន្ទាយដ៏សំខាន់ចុងក្រោយរបស់ក្រុមយោធាប៉ារ៉ាមួយនេះនៅក្នុងរដ្ឋធានីខាទុំ។

ការមានប្រៀបរបស់កងទ័ពនាពេលថ្មីៗនេះនៅកណ្តាលស៊ូដង់ ការដណ្តើមយកមកវិញនូវស្រុកនានានៃរដ្ឋធានី និងទឹកដីផ្សេងទៀត បានកើតមានឡើងនៅពេលដែលកងកម្លាំងប៉ារ៉ា RSF បានបង្រួបបង្រួមការគ្រប់គ្រងរបស់ខ្លួននៅភាគខាងលិច ដោយពង្រឹងខ្សែប្រយុទ្ធ និងគំរាមកំហែងផ្លាស់ប្តូរប្រទេសនេះឆ្ពោះទៅរកការបែងចែកទឹកដីយ៉ាងជាក់ស្តែង៕