ការវាយប្រហារជាថ្មីរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប បានបន្តរយៈពេល ៩ថ្ងៃជាប់ៗគ្នា ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ ខណៈអង្គការសហប្រជាជាតិបាននិយាយថា មនុស្សជាង ១៤០.០០០នាក់ ត្រូវបង្ខំចិត្តរត់ភៀសខ្លួនចាប់តាំងពីសប្តាហ៍មុនមក។

ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បាននិយាយថា ជនជាតិប៉ាឡេស្ទីន ១៤២.០០០នាក់ ត្រូវភៀសខ្លួនដោយបង្ខំ ចាប់តាំងពីអ៊ីស្រាអែល បានបន្តសង្រ្គាមរបស់ខ្លួននៅលើតំបន់ហ្កាហ្សា នៅថ្ងៃទី១៨ ខែមីនា។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលហ្កាហ្សាបាននិយាយកាលពីថ្ងៃពុធ (២៦ មីនា) ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៩នាក់ រួមទាំងកុមារ និងមនុស្សជាង ១២០នាក់ បានរងរបួសនៅទូទាំងតំបន់ហ្កាហ្សា ក្នុងពេល ២៤ម៉ោងកន្លងទៅនោះ។ ការវាយប្រហារជាំច្រើនត្រូវបានគេរាយការណ៍នៅទូទាំងតំបន់ រួមទាំងនៅភាគខាងជើងជំរំ Jabalia ទីក្រុង Khan Younis និង Rafah នៅភាគខាងត្បូង។
យោងតាមការិយាល័យមនុស្សធម៌ OCHA របស់អង្គការសហប្រជាជាតិ ប្រជាជនប៉ាឡេស្ទីនប្រហែល ២៥០.០០០នាក់ កំពុងស្ថិតនៅក្នុងតំបន់ដែលគ្រោងនឹងជម្លៀសនៅក្រុង Rafah ក្រុង Khan Younis និងភាគខាងជើងហ្កាហ្សា រួមទាំងមនុស្សជាង ៥០.០០០នាក់ កំពុងស្នាក់នៅទីតាំងចំនួន ២៤០កន្លែង សម្រាប់ជនភៀសខ្លួនខាងក្នុង៕