ទីភ្នាក់ងារសារព័ត៌មានរបស់អង្គការសហប្រជាជាតិ UN News បានរាយការណ៍កាលពីថ្ងៃពុធ (២៦ មីនា) ថា មកទល់នេះ មានរយៈពេល ៣សប្តាហ៍កន្លះហើយចាប់តាំងពីអ៊ីស្រាអែល បានដាក់ការបិទផ្លូវទាំងស្រុងលើជំនួយទាំងអស់ទៅកាន់តំបន់ហ្កាហ្សា ទោះបីជាមានការខិតខំប្រឹងប្រែងប្រចាំថ្ងៃដោយក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិដើម្បីទទួលបានការចូលទៅកាន់តំបន់នោះជាថ្មីក៏ដោយ។

នៅពេលដែលការផ្គត់ផ្គង់អាហារ ថ្នាំពេទ្យ និងការផ្គត់ផ្គង់ផ្សេងទៀតមានកម្រិតទាប ក្រុមជំនួយរបស់អង្គការសហប្រជាតិ ព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីកំណើននៃភាពតានតឹង និងបន្ទុកដ៏លើសលប់ នៅក្នុងចំណោមអ្នកស្រុកហ្កាហ្សា នៅខាងក្រៅហាងនំប៉័ងជំនួយដែលនៅសេសសល់។

ការិយាល័យសម្របសម្រួលជំនួយរបស់អង្គការសហប្រជាជាតិ OCHA បាននិយាយនៅក្នុងការបង្ហោះតាមអ៊ីនធឺណិតថា "ការប៉ុនប៉ងភាគច្រើនដោយអង្គការមនុស្សធម៌ដើម្បីសម្របសម្រួលការចូលទៅហ្កាហ្សា ជាមួយអាជ្ញាធរអ៊ីស្រាអែល ពុំមានលទ្ធផលនោះទេ"។

ការិយាល័យ OCHA បន្តថា ក្រុមគ្រូពេទ្យនៅហ្កាហ្សាក៏នឿយហត់ "ហើយត្រូវការការការពារ និងការពង្រឹងជាបន្ទាន់" ពីការវាយប្រហារដែលកំពុងបន្តនៅទូទាំងដែនដីដ៏តូចចង្អៀតនេះ។ ទីភ្នាក់ងារ UN មួយនេះបានលើកពីរបាយការណ៍ថ្មីនៃការវាយប្រហារលើបុគ្គលិកសុខាភិបាល រថយន្តសង្គ្រោះ និងមន្ទីរពេទ្យ ហើយបានព្រមានពី "អ្នកស្លាប់ និងរបួសរាប់រយនាក់ ការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃស្តុកវេជ្ជសាស្ត្រ និងកង្វះខាតឧបករណ៍ សម្ភារៈផ្ដល់ឈាម និងបុគ្គលិក" ចាប់តាំងពីបទឈប់បាញ់បានបញ្ចប់៕