ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ មានប្រសាសន៍ថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាកិច្ចការដែលត្រូវធ្វើជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន បង្កើនប្រសិទ្ធការងារឱ្យបានខ្ពស់ជាងមុន ក្នុងសមត្ថភាពប្រកួតប្រជែងជាលក្ខណៈតំបន់ និងអន្តរជាតិ។
ឯកឧត្តមបានថ្លែងបញ្ជាក់ថា ក្នុងបរិបទនៃកត្តាជះពីខាងក្រៅ ទាំងស្ថានភាព និងភូមិសាស្ត្រនយោបាយ ព្រមទាំងទំនាក់ទំនងអន្តរជាតិ ដែលគ្មានភាពច្បាស់លាស់ ហើយដែលនឹងអាចជះឥទ្ធិពលមកលើកម្ពុជា ទាំងលើសេដ្ឋកិច្ច សង្គម និងនយោបាយផងនោះ យើងរឹងរឹតតែត្រូវគិតគូរពង្រឹងខ្លួនឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត។ ផ្នែកមួយនៃភាពច្បាស់លាស់នោះគឺ ការពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជាឱ្យកាន់តែមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ»។



