កំពង់ធំ៖ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដីព្រៃលិចទឹកជាង ៣៥០០ហិកតានៅក្នុងស្រុកចំនួន នៃខេត្តកំពង់ធំ ត្រូវបានឈូយឆាយធ្វើជាកម្មសិទ្ធិផ្ទាល់នៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។
ឯកឧត្ដម វេង សាខុន បានបញ្ជាក់បែបនេះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីក្រុមការងារចម្រុះថ្នាក់ជាតិដឹកនាំដោយឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី បានចុះត្រួតពិនិត្យមើលការឈូសឆាយយកដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប។
ឯកឧត្ដម បញ្ជាក់ថា ដីព្រៃលិចទឹកទំហំរហូតដល់ ៣,៥៦៦.៥៦១ហិកតា ស្ថិតនៅក្នុងស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកបារាយណ៍ និងក្រុងស្ទឹងសែន ត្រូវបានឈូសឆាយនៅចន្លោះឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២១នេះ។
បើតាមរដ្ឋមន្ត្រីកសិកម្ម ដីព្រៃលិចទឹកទំហំ ៩៤៣.១៦៥ហិកតា ស្ថិតនៅក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ត្រូវបានឈូសឆាយនៅក្នុងឆ្នាំ២០១៩ ហើយបន្ទាប់មក ដីព្រៃលិចទឹកទំហំ ១៩០.៥ហិកតា នៅក្នុងស្រុកកំពង់ស្វាយ និងស្រុកបារាយណ៍ ត្រូវបានឈូសឆាយបន្ថែមទៀត នៅឆ្នាំ២០២០។
ចំណែកឯឆ្នាំ២០២១នេះ ក្រុមការងារចម្រុះអន្តរក្រសួង បានរកឃើញថា ដីព្រៃលិចទឹកទំហំ ១,២១៣.៣៣៦ហិកតា ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន ត្រូវបានឈូសឆាយបន្ថែមទៀត។
ឯកឧត្ដម បញ្ជាក់ថា ការឈូសឆាយដីព្រៃលិចទឹកទាំងនោះ បានកើនឡើងចំនួន ៤០ករណី ដែលសុទ្ធតែស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរ ប៉ុន្តែឯកឧត្ដមបញ្ជាក់ថា មានតែ១ករណីប៉ុណ្ណោះ ត្រូវបានជំនុំជម្រះរួចហើយ ប៉ុន្តែមិនទាន់ចេញសាលក្រមនៅឡើយ។
ឯកឧត្ដមរដ្ឋមន្ត្រីកសិកម្មបញ្ជាក់បន្ថែមថា ជនត្រូវចោទនៅក្នុងសំណុំរឿង១ករណីនេះ គឺជាព្រះរាជអាជ្ញារងខេត្តកំពង់ធំទៀតផង៕






