អ្នកនាំពាក្យប្រទេសចិន កាលពីថ្ងៃពុធ (២៦ មីនា) បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះអត្ថាធិប្បាយដែលមិនមានការធានា និងផ្ដេសផ្ដាសទាំងឡាយរបស់ប្រទេសមួយចំនួន លើសំណួរអំពីកោះតៃវ៉ាន់ ដែលនោះបានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានចេញការរិះគន់នេះនៅក្នុងសន្និសីទមួយ ខណៈឆ្លើយតបសំណួរទាក់ទងនឹងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 ថ្មីៗនេះ ដែលបង្ហាញការគាំទ្រចំពោះការចូលរួមរបស់តៃវ៉ាន់ ក្នុងអង្គការអន្តរជាតិ។

លោក Chen និយាយថា មានប្រទេសចិនតែមួយគត់លើពិភពលោក ហើយតំបន់តៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន។ នេះជាស្ថានភាពពិតនៃច្រកសមុទ្រតៃវ៉ាន់ ហើយការប្រកាន់ខ្ជាប់នូវ "ឯករាជ្យភាពតៃវ៉ាន់" របស់អាជ្ញាធរកោះនេះ គឺជាការបង្អាក់ស្ថានភាពបច្ចុប្បន្ន និងជាប្រភពនៃភាពចលាចលដ៏ធំបំផុត ដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រ។
អ្នកនាំពាក្យរូបនេះបន្ថែមថា ប្រទេសពាក់ព័ន្ធគួរតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ និងគាំទ្រការបង្រួបបង្រួមដោយសន្តិវិធីរបស់ចិន ប្រសិនបើពួកគេពិតជាសង្ឃឹមសម្រាប់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រពិតមែន ជាជាងតតាំងនឹងគោលការណ៍ និងបង្កបញ្ហាជុំវិញសំណួរកោះតៃវ៉ាន់។

នៅលើសំណួរមួយទាក់ទងនឹងការទិញអាវុធរបស់តៃវ៉ាន់ពីសហរដ្ឋអាមេរិក អ្នកនាំពាក្យក៏បានជំទាស់យ៉ាងម៉ឺងម៉ាត់ចំពោះគ្រប់ទម្រង់នៃការផ្លាស់ប្តូរយោធារវាងអាមេរិក និងតៃវ៉ាន់ ហើយជំរុញឱ្យភាគីអាមេរិក បញ្ឈប់ការផ្តល់អាវុធដល់កោះមួយនេះ៕