នាយករដ្ឋមន្ត្រី លោក Mark Carney បាននិយាយកាលពីថ្ងៃពុធ ទី២៦ មីនា ថា ប្រទេសកាណាដា នឹងឆ្លើយតបភ្លាមៗចំពោះការដំឡើងពន្ធថ្មីលើរថយន្តនាំចូលដែលត្រូវបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ហើយអាចដាក់វិធានការសងសឹកប្រឆាំងសហរដ្ឋអាមេរិក។

លោក Carney និយាយថា ចំណាត់ការរបស់លោក Trump គឺជា «ការវាយប្រហារដោយផ្ទាល់» ហើយបានប្រាប់អ្នកសារព័ត៌មានថា លោកនឹងកោះប្រជុំគណៈរដ្ឋមន្ត្រីជាន់ខ្ពស់នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីសម្រេចលើការឆ្លើយតប។
លោកបាននិយាយនៅក្នុងក្រុង Kitchener ខេត្តOntario ថា «យើងនឹងការពារបុគ្គលិករបស់យើង យើងនឹងការពារក្រុមហ៊ុនរបស់យើង យើងនឹងការពារប្រទេសរបស់យើង ហើយយើងនឹងការពារវាទាំងអស់គ្នា»។ ការដំឡើងពន្ធ មើលទៅត្រូវបានកំណត់ថានឹងធ្វើឱ្យខូចខាតដល់ឧស្សាហកម្មរថយន្តនៅអាមេរិកខាងជើងដែលរួមបញ្ចូលគ្នា យ៉ាងខ្លាំង។

ប្រទេសកាណាដា បានប្រកាសរួចហើយនូវកញ្ចប់ដំឡើងពន្ធសងសឹកដែលមានតម្លៃសរុប១៥៥ ពាន់លានដុល្លារកាណាដា ដែលខ្លួនបាននិយាយថា នឹងត្រូវបានដាក់ជាដំណាក់កាល អាស្រ័យលើអ្វីដែលលោក Trump បានធ្វើ។ នៅពេលសួរថាតើនៅពេលណាដែលប្រទេសកាណាដានឹងតបត លោកCarney បាននិយាយថា «វានឹងកើតឡើងក្នុងពេលឆាប់ៗនេះ យើងមានជម្រើសច្រើន។ យើងអាចដាក់ចេញការដំឡើងពន្ធសងសឹក»។