អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានធ្វើទស្សនកិច្ចនៅទីតាំងបណ្តុះបណ្តាលកងម៉ារីននៅមូលដ្ឋាន Quantico រដ្ឋ Virginia កាលពីថ្ងៃពុធ ជាកន្លែងដែលលោកបានបាញ់អាវុធជាបន្តបន្ទាប់ និងធ្វើអន្តរកម្មជាមួយសមាជិកបម្រើសេវា។

លោកអនុប្រធានាធិបតី បានសាកល្បងជំនាញរបស់លោកលើប្រភេទកាំភ្លើងទ័ពថ្មើរជើង M27 កាំភ្លើងវែងបាញ់ស៊ីបM107 កាំភ្លើងយន្តM240B និងកាំភ្លើងធំបាញ់ផ្លោង។

លោកអនុប្រធានាធិបតី ក៏ត្រូវបានផ្តល់ជូននូវបទបង្ហាញស្តីពីរបៀបប្រើប្រាស់យានដ្រូនរាវរកមនុស្សជាលើកដំបូង ដែលកំពុងស្ថិតក្រោមការពិសោធន៍ នៅឡើយ។
វីដេអូ នៅលើបណ្តាញផ្សព្វផ្សាយសង្គមបានបង្ហាញពីលោកអនុប្រធានាធិបតី បាញ់កាំភ្លើងយន្តធុនមធ្យម M240B នៅមូលដ្ឋាន Quantico ។
ដំណើរទស្សនកិច្ចរបស់លោកអនុប្រធានាធិបតី ទៅកាន់មូលដ្ឋានទ័ពម៉ារីន Quantico ធ្វើឡើងមុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ដែនដី Greenland នៅថ្ងៃសុក្រ ជាអំឡុងពេលលោកនឹងទៅសួរសុខទុក្ខកងកម្លាំងអវកាសអាមេរិក និងពិនិត្យមើលស្ថានភាពសន្តិសុខនៅក្នុងទឹកដីប្រទេសដាណឺម៉ាក។