អភិបាលក្រុង លោក Sergei Kurnosov បាននិយាយថា នេះជាអ្វីដែលនៅសេសសល់នៃមជ្ឈមណ្ឌលវប្បធម៌នៅទីក្រុង Rylsk ក្នុងតំបន់ Kursk ប្រទេសរុស្ស៊ី ដែលមានចម្ងាយប្រហែល១៦ម៉ាយ ពីព្រំដែនប្រទេសអ៊ុយក្រែន។ លោកបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន បានបំផ្លាញអគារមជ្ឈមណ្ឌលប្រគំតន្ត្រី។

រុស្ស៊ីបាននិយាយថា មីស៊ីលទាំងនោះគឺជាមីស៊ីលហ៊ីម៉ាស់(HIMARS) ផលិតដោយសហរដ្ឋអាមេរិក។ អ៊ុយក្រែនបានបើកការវាយលុកចូលទៅក្នុងតំបន់ Kursk កាលពីខែសីហាឆ្នាំមុន។ ចំណាត់ការរបស់អ៊ុយក្រែន បានធ្វើឱ្យតំបន់នេះភ្ញាក់ផ្អើល ដែលមិនធ្លាប់បានមើលឃើញជម្លោះ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
នៅពេលនេះ បន្ទាប់ពីទីក្រុងមូស្គូបានបើកការវាយលុកលឿនដូចផ្លេកបន្ទោរដើម្បីដណ្តើមយកតំបន់ Kursk មកវិញក្នុងខែនេះ រុស្ស៊ីខិតទៅរកការវាយរុញច្រានកងទ័ពអ៊ុយក្រែនចុងក្រោយ។ ការខូចខាតជាច្រើនដែលត្រូវបានបំផ្លាញនៅទីប្រជុំជន និងទីក្រុងនានាក្នុងតំបន់ Kursk បាននាំមកនូវភាពភ័យខ្លាចសង្រ្គាមដែលប្រជាជនអ៊ុយក្រែនរងទុក្ខ ជាយូរមកហើយ។ ស៊ីរ៉ែនវាយប្រហារតាមអាកាស បានក្លាយជាផ្នែកមួយនៃសំឡេងជីវិតប្រចាំថ្ងៃ អ្នកស្រុកតំបន់Kursk ជាច្រើនក៏ដូចជាជនជាតិអ៊ុយក្រែន ប្រាថ្នាចង់វិល ទៅរកភាពប្រក្រតីវិញ។

មនុស្សជាច្រើនរស់នៅដោយអារម្មណ៍ភ័យខ្លាច ជាមួយនឹងអារម្មណ៍នៃភាពថប់បារម្ភ ប៉ុន្តែជាការពិត មនុស្សជាច្រើនបានស៊ាំទៅនឹងអារម្មណ៍នេះរួចហើយ។ ទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ប្តេជ្ញាបញ្ចប់សង្រ្គាមរយៈពេល៣ឆ្នាំនៅអ៊ុយក្រែនក៏ដោយ ក៏មនុស្សជាច្រើននៅក្នុងតំបន់ Kursk នៅតែសង្ស័យចំពោះសន្តិភាពយូរអង្វែង។