ប្រធានាធិបតី លោក Emmanuel Macron បាននិយាយកាលពីថ្ងៃពុធថា ប្រទេសបារាំងនឹងផ្តល់ជំនួយយោធាបន្ថែមចំនួន២ពាន់លានអឺរ៉ូ (២,១៥ ពាន់លានដុល្លារ) ដល់ប្រទេសអ៊ុយក្រែន ដោយចោទប្រកាន់រុស្ស៊ីថា បានបកស្រាយ និងសរសេរឡើងវិញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ដែលមានកម្រិតកាលពីពេលថ្មីៗនេះ។

លោក Macron បានធ្វើការអត្ថាធិប្បាយបែបនេះជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅទីក្រុងប៉ារីស ដោយបាននិយាយបន្ថែមថា មីស៊ីលប្រឆាំងរថក្រោះ មីស៊ីលបាញ់ពីដីទៅអាកាស រថពាសដែក និងយានដ្រូន គឺជាផ្នែកនៃយុទ្ធោបករណ៍ថ្មីដែលត្រូវផ្តល់ទៅឲ្យទីក្រុង Kyiv។ យន្តហោះចម្បាំង ជាច្រើនគ្រឿងទៀត ក៏នឹងត្រូវបានផ្តល់ឲ្យផងដែរ។

មេដឹកនាំទាំងពីរ បាននិយាយនៅមុនកិច្ចប្រជុំកំពូលចូលរួមដោយមេដឹកនាំប្រហែល៣០រូប នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនានេះ ក្នុងគោលបំណងជំរុញជំនួយដល់អ៊ុយក្រែន ដោយពិភាក្សាអំពីបទឈប់បាញ់មានកម្រិត និងតួនាទីរបស់សហភាពអឺរ៉ុបនៅពេលអនាគតដើម្បីរារាំងរុស្ស៊ីពីការវាយប្រហារនៅពេលដែលមានកិច្ចព្រមព្រៀងដែលបានចរចា។ លោក Macron និយាយថា វាលឿនពេកក្នុងការដកទណ្ឌកម្មអឺរ៉ុប លើប្រទេសរុស្ស៊ី។