ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផាបានឱ្យដឹងថា កុមាររហូតដល់ជិត ៤ម៉ឺននាក់ បានទទួលសេវាសុខាភិបាលពីមន្ទីរពេទ្យសប្បុរសធម៌មួយនេះនៅក្នុងខែវិច្ឆិកានេះ។
មន្ទីរពេទ្យគន្ធបុប្ផា បានបង្ហាញតួលេខបែបនេះនៅក្នុងរបាយការណ៍សង្ខេបខ្លីមួយចេញសម្រាប់ខែវិច្ឆិកា ក្នុងឆ្នាំ២០២១នេះ។
ក្នុងរបាយការណ៍សង្ខេបខ្លីនេះ មន្ទីរពេទ្យគន្ធបុប្ផាដែលផ្ដល់សេវាសុខាភិបាលដោយឥតគិតថ្លៃនោះ បានបញ្ជាក់ថា មានកុុមាររហូតដល់ ៣៨៦៥៨នាក់ ត្រូវបានដាក់ឱ្យពិនិត្យនៅផ្នែកពិគ្រោះជំងឺក្រៅ ក្នុងនោះកុមាររហូតដល់ ៧ ៣៤៩នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
បើតាមមន្ទីរពេទ្យសប្បុរធម៌មួយនេះ កុមាររហូតដល់ ១០១នាក់ ត្រូវបានរកឃើញមានជំងឺគ្រុនឈាម ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលកុមារចំនួន ១ ២៩៣នាក់ទៀត ទទួលបានការវះកាត់ ក្នុងនោះមានកុមារ ៥០នាក់ ទទួលបានការវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងទាំងនៅភ្នំពេញ និងសៀមរាប។
របាយការណ៍សង្ខេបខ្លីនេះ បានឱ្យដឹងទៀតថា ផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣ បានផ្ដល់សេវាសុខាភិបាលដល់ស្ត្រីមានផ្ទៃពោះចំនួន ៥ ២២៤នាក់ ក្នុងនោះសម្រាលទារកបាន ១ ៧០៥នាក់នៅក្នុងរយៈពេល ១ខែវិច្ឆិកានេះ។
នៅក្នុងរបាយការណ៍កាលពីឆ្នាំមុន មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា កុមាររហូតដល់ ៦៣៩ ២៦៨នាក់ បានទទួលសេវាសុខាភិបាលពីមន្ទីរពេទ្យសប្បុរធម៌មួយនេះកាលពីឆ្នាំ២០២០កន្លងមក ឬបានធ្លាក់ចុះជាង ៣៧ភាគរយ បើធៀបនឹងតួលេខ ១,០២១ ៩៤៨នាក់ កាលពីឆ្នាំ២០២១៩កន្លងមក៕អត្ថបទ ៖ សុធី