យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៧ មីនា) នេះថា កូរ៉េខាងជើង បានបញ្ជូនទាហានបន្ថែមប្រហែល ៣.០០០នាក់ ទៅកាន់ប្រទេសរុស្ស៊ី ក្នុងខែមករា និងកុម្ភៈ ដើម្បីបន្តគាំទ្រដល់សង្រ្គាមរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លើអ៊ុយក្រែន។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង និយាយថា កូរ៉េខាងជើងក៏បានបញ្ជូនមីស៊ីល សម្ភារៈកាំភ្លើងធំ និងគ្រាប់រំសេវបន្ថែមទៀតដើម្បីជួយរុស្ស៊ី ហើយថា ទីក្រុងព្យុងយ៉ាងអាចបង្កើនការផ្គត់ផ្គង់អាវុធបន្ថែមទៀតអាស្រ័យលើស្ថានភាពសង្រ្គាម។ គួរឱ្យដឹងថា នាពេលថ្មីៗនេះ រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើបទឈប់បាញ់មានកម្រិតមួយ ខណៈភាគីទាំងពីរចោទដាក់គ្នាទៅមកពីការរំលោភលើកិច្ចព្រមព្រៀងនោះ។

កូរ៉េខាងជើង ធ្លាប់បញ្ជូនបុគ្គលិកយោធាប្រហែល ១១.០០០នាក់ ទៅប្រយុទ្ធក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន នៅក្នុងការចូលរួមលើកដំបូងរបស់ខ្លួនក្នុងជម្លោះទ្រង់ទ្រាយធំចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ មក ហើយបញ្ជាការចម្រុះទីក្រុងសេអ៊ូលបានវាយតម្លៃថា ប្រហែល ៤.០០០នាក់ក្នុងចំណោមនោះ ត្រូវបានសម្លាប់ ឬរងរបួស។ ទាំងរុស្ស៊ី និងកូរ៉េខាងជើង មិនបានបដិសេធ ឬបញ្ជាក់រឿងនេះឡើយ។

សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង កាលពីមុនបានសន្មត់ថា ការស្លាប់ និងរបួសដ៏ខ្ពស់របស់កូរ៉េខាងជើងនោះ ដោយសារតែការលំបាករបស់ទាហានក្នុងការសម្របខ្លួនទៅនឹងយានដ្រូន និងធាតុផ្សេងទៀតនៃសង្គ្រាមទំនើប៕