បណ្ដាមេដឹកនាំពិភពលោកប្រហែល ៣០រូប នឹងជួបប្រជុំគ្នានៅទីក្រុងប៉ារីស របស់បារាំង នៅថ្ងៃព្រហស្បតិ៍ (២៧ មីនា) នេះ ជាមួយក្ដីសង្ឃឹមនៃជំនួយថ្មី និងការធានាសន្តិសុខ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy អំពីមធ្យោបាយពង្រឹងការគាំទ្រផ្នែកយោធា ពិនិត្យមើលកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់ និងវាយតម្លៃថាតើពួកគេអាចដើរតួនាទីអ្វីខ្លះ ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានធ្វើឡើងជាមួយរុស្ស៊ី។

កិច្ចប្រជុំកំពូលលើកទី៣ នៃអ្វីដែលបារាំងហៅថាជា សម្ព័ន្ធចម្រុះនៃ “ឆន្ទៈ និងភាពអង់អាច” មើលឃើញការចូលរួមរបស់នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រមុខណាតូ លោក Mark Rutte នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni រួមទាំងអនុប្រធានាធិបតីទួរគី លោក Cevdet Yılmaz ។

លោកប្រធានាធិបតីបារាំង Emmanuel Macron បានប្រាប់អ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃពុធ នៅក្នុងសន្និសីទជាមួយលោក Zelenskiy ថា "កិច្ចប្រជុំនឹងលើកពីការគាំទ្រភ្លាមៗសម្រាប់អ៊ុយក្រែន" ដោយបន្ថែមថា បារាំងប្តេជ្ញាផ្តល់ជំនួយផ្នែកយោធា ២ពាន់លានអឺរ៉ូប ន្ថែមទៀតដល់អ៊ុយក្រែន។ លោក Zelenskiy និយាយថា ដៃគូផ្សេងទៀតអាចប្រកាសពីកញ្ចប់ជំនួយនៅថ្ងៃព្រហស្បតិ៍នេះ។

ជំនួបកំពូលនេះមានបំណងពង្រឹងផ្នែកយោធារបស់អ៊ុយក្រែន និងពិនិត្យឡើងវិញនូវកិច្ចប្រឹងប្រែងឈប់បាញ់ បង្កើតតួនាទីសម្រាប់អឺរ៉ុបក្នុងការចរចាណាមួយស្តីពីការបញ្ចប់ជម្លោះ ហើយមេដឹកនាំអឺរ៉ុប ពិចារណាលើការរៀបចំសន្តិសុខ ស្របពេលមានការប្រឆាំងរបស់សហរដ្ឋអាមេរិក និងរុស្ស៊ី។ ខណៈដែលអាមេរិក មិនមានវត្តមានក្នុងជំនួបនោះ មន្ត្រីបារាំងនិយាយថា លទ្ធផលនៃកិច្ចប្រជុំនឹងត្រូវចែករំលែកជាមួយរដ្ឋបាលសហរដ្ឋអាមេរិក៕