នៅឯជំរំភៀសខ្លួនបង់ក្លាដែស ជនជាតិរ៉ូហ៊ីងយ៉ា ភ័យខ្លាចថា ការកាត់បន្ថយជំនួយអន្តរជាតិនាពេលថ្មីៗនេះ នឹងធ្វើឱ្យមានវិបត្តិស្បៀងអាហារ និងសុខភាព ហើយនាំឱ្យទូក្ខវេទនាបច្ចុប្បន្នកាន់តែអាក្រក់ និងកំណើនឧក្រិដ្ឋកម្ម ខណៈស្រ្តីជាម្ដាយបារម្ភថា កូនៗរបស់ពួកគេនឹងគ្មានការថែទាំសុខភាពធ្ងន់ធ្ងរដោយសារការកាត់ថវិកាពីសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួន។

បង់ក្លាដែស កំពុងផ្តល់ជម្រកដល់ជនរ៉ូហ៊ីងយ៉ាជាង ១លាននាក់ ដែលជាសមាជិកនៃប្រជាជនគ្មានរដ្ឋដ៏ធំបំផុតរបស់ពិភពលោក ដែលភៀសខ្លួនចេញពីការបោសសម្អាតដោយហិង្សានៅប្រទេសជិតខាងមីយ៉ាន់ម៉ា នៅក្នុងជំរំ Cox's Bazar ជាទីដែលលទ្ធភាពទទួលបានការងារ ឬការអប់រំនៅមានកម្រិត។

ការសម្រេចចិត្តរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបញ្ឈប់ជំនួយបរទេសភាគច្រើន និងរុះរើទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានបង្កឱ្យមានភាពចលាចលក្នុងវិស័យមនុស្សធម៌សកល ហើយអង្គការសហប្រជាជាតិបានព្រមានថា រឿងនេះនឹងបង្កើតលក្ខខណ្ឌធ្ងន់ធ្ងរសម្រាប់ជនភៀសខ្លួន។

ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ៧០.០០០នាក់ពីមីយ៉ាន់ម៉ា បានភៀសខ្លួនទៅកាន់បង់ក្លាដែស កាលពីឆ្នាំមុន ដែលត្រូវជំរុញដោយភាពអត់ឃ្លាន និងហិង្សានៅក្នុងរដ្ឋរ៉ាឃីន ដែលជាស្រុកកំណើតរបស់ពួកគេ។ ប្រភពពីមន្ត្រីបង់ក្លាដែសបាននិយាយថា ការកាត់បន្ថយជំនួយអាចធ្វើឱ្យជនភៀសខ្លួនងាយរងគ្រោះដោយការជួញដូរមនុស្ស ងាយលង់នឹងភាពជ្រុលនិយម និងចាញ់បោកការកេងប្រវ័ញ្ចជាដើម៕