ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដំឡើងពន្ធលើរថយន្តអឺរ៉ុបដែលនាំចូល។

ការថ្លែងរបស់លោកស្រី Von der Leyen ធ្វើឡើងខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃពុធ ដើម្បីដំឡើងពន្ធ២៥ភាគរយលើការនាំចូលរថយន្ត ចាប់ពីថ្ងៃទី២ ខែមេសា។

លោកស្រី von der Leyen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ឧស្សាហកម្មរថយន្ត គឺជាកត្តាជំរុញនៃនវានុវត្តន៍ ការប្រកួតប្រជែង និងការងារដែលមានគុណភាពខ្ពស់ ជាមួយនឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់រួមបញ្ចូលគ្នាយ៉ាងជ្រៅ»។
លោកស្រី បាននិយាយបន្ថែមថា ការដំឡើងពន្ធ «មិនល្អនោះទេសម្រាប់អាជីវកម្ម ហើយកាន់តែអាក្រក់សម្រាប់អ្នកប្រើប្រាស់» ទាំងនៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU)។
លោកស្រី និយាយថា «ពេលនេះ យើងនឹងវាយតម្លៃការប្រកាសនេះ រួមជាមួយនឹងវិធានការផ្សេងៗទៀតដែលសហរដ្ឋអាមេរិកកំពុងគ្រោងទុកក្នុងប៉ុន្មានថ្ងៃខាងមុខនេះ» ដោយលោកស្រី លើកឡើងថា ប្លុកនេះនឹងបន្តស្វែងរកដំណោះស្រាយចរចារ ខណៈកំពុងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។