រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ ទៅកាន់ទីក្រុងមូស្គូ លោកបានឃើញផ្ទាល់ភ្នែកនូវការប្តេជ្ញាចិត្តរបស់រុស្ស៊ី ក្នុងការសម្រេចបានដំណោះស្រាយសន្តិភាពចំពោះជម្លោះ នៅអ៊ុយក្រែន។

លោក Szijjarto បានសម្តែងសុទិដ្ឋិនិយមទាក់ទងនឹងការពិភាក្សាដែលកំពុងបន្តរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក អំពីអ៊ុយក្រែន ដោយសង្កត់ធ្ងន់ទៅលើការចាប់អារម្មណ៍របស់ប្រទេសហុងគ្រីចំពោះជោគជ័យរបស់ពួកគេ។ លោក Szijjarto បានលើកឡើង នៅក្នុងសារជាវីដេអូមួយ ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ M1 TV ថា៖«ថ្ងៃនេះ ខ្ញុំបានសង្កេតឃើញថា រុស្ស៊ីក៏ប្តេជ្ញាចំពោះភាពជោគជ័យនៃកិច្ចចរចាទាំងនេះ ដែល ផ្តល់ឲ្យយើងនូវក្តីសង្ឃឹមដ៏អស្ចារ្យ សម្រាប់ការឈានដល់បទឈប់បាញ់ប្រកបដោយនិរន្តរភាព និងយូរអង្វែង ដែលនាំឲ្យសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព»។

លោកបានសង្កត់ធ្ងន់ថា សម្រាប់ប្រទេសហុងគ្រី «សំណួរសំខាន់បំផុត គឺនៅពេលណាដែលជម្លោះ នៅអ៊ុយក្រែន នឹងត្រូវបញ្ចប់ ហើយសន្តិភាព នឹងវិលត្រឡប់ទៅអឺរ៉ុបកណ្តាលវិញ»។
លោក Szijjarto បានថ្លែងថា៖«តាមទស្សនៈនេះ ខ្ញុំអាចចែករំលែកដំណឹងល្អមួយចំនួន៖ កិច្ចចរចាសន្តិភាពអាមេរិក និងរុស្ស៊ី កំពុងដំណើរការយ៉ាងរលូន។ ទាំងភាគីអាមេរិក និងរុស្ស៊ីកំពុងបង្ហាញពីសុច្ឆន្ទៈគ្នាទៅវិញទៅមក ហើយត្រូវបានដឹកនាំដោយចេតនាវិជ្ជមាន។
លោកក៏បានគូសបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងរយៈពេល ៣០ ថ្ងៃស្តីពីការមិនឈ្លានពានឆ្ពោះទៅរកហេដ្ឋារចនាសម្ព័ន្ធថាមពល ក្នុងកំឡុងជម្លោះអ៊ុយក្រែន គឺស្របទាំងស្រុងជាមួយនឹងផលប្រយោជន៍របស់ប្រទេសហុងគ្រី ដោយសារប្រទេសនេះ ពឹងផ្អែកលើប្រេង និងឧស្ម័នធម្មជាតិរបស់រុស្ស៊ី។ យោងតាមលោក Szijjarto បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ បានជំរុញសន្តិសុខថាមពលរបស់ប្រទេសហុងគ្រី។