ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ បានដើរហែក្បួន នៅចន្លោះទីក្រុងដែលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅភាគខាងជើងតំបន់ហ្កាហ្សាកាលពីថ្ងៃពុធ ក្នុងថ្ងៃទី២នៃការតវ៉ាប្រឆាំងសង្រ្គាម ដោយមានមនុស្សជាច្រើនបានស្រែកប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងការបង្ហាញដ៏កម្រនៃកំហឹងជាសាធារណៈប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនេះ។

ការតវ៉ាដែលផ្តោតសំខាន់ទៅលើភាគខាងជើងនៃតំបន់ហ្កាហ្សា ហាក់ដូចជាមានគោលបំណងជាទូទៅប្រឆាំងនឹងសង្រ្គាម ដោយក្រុមអ្នកតវ៉ា បានអំពាវនាវឲ្យបញ្ចប់ការប្រយុទ្ធគ្នាយ៉ាងសាហាវរយៈពេល ១៧ ខែ ជាមួយអ៊ីស្រាអែល ដែលបានធ្វើឲ្យប្រជាជននៅក្នុងតំបន់ហ្កាហ្សា មិនអាចទ្រាំរស់នៅបាន។

ប៉ុន្តែការអំពាវនាវជាសាធារណៈប្រឆាំងនឹងក្រុមហាម៉ាស ដែលបានគាបសង្កត់ក្រុមប្រឆាំង អស់រយៈពេលជាយូរមកហើយ ហើយនៅតែគ្រប់គ្រងទឹកដីជាច្រើនខែ នៅក្នុងសង្រ្គាមជាមួយអ៊ីស្រាអែល គឺពិតជាកម្រកើតមានណាស់។
នៅក្នុងទីក្រុង Beit Lahiya ដែលជាកន្លែងការតវ៉ាស្រដៀងគ្នានេះ បានកើតឡើងកាលពីថ្ងៃអង្គារ មនុស្សប្រហែល ៣.000 នាក់ បានធ្វើបាតុកម្ម ដោយពួកគេភាគច្រើនស្រែកថា៖«ប្រជាជនចង់ឲ្យក្រុមហាម៉ាសដួលរលំ»។ នៅក្នុងសង្កាត់ Shijaiyah នៃទីក្រុងហ្កាហ្សា ដែលបានរងការបំផ្លាញយ៉ាងខ្ទេចខ្ទំានោះ បុរសរាប់សិបនាក់ បានស្រែកថា «ចេញទៅ ចេញទៅ! ក្រុមហាម៉ាស ចាកចេញទៅ!»។