អ្នកនាំពាក្យនៃទីបញ្ជាការប្រតិបត្តិការរួមរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់ បាននិយាយថា អាជ្ញាធរអ៊ីរ៉ាក់បានបដិសេធចំពោះពាក្យចចាមអារ៉ាមដែលមានមជ្ឈមណ្ឌលពិសេស ឬជំរំហ្វឹកហាត់សម្រាប់អ្នកគាំទ្រចលនាឧទ្ទាមយេម៉ែន Ansar Allah (ហ៊ួទី) នៅក្នុងប្រទេសនេះ។

អ្នកនាំពាក្យរូបនេះ ដែលត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍ Al Arabiya បានបន្តទៀតថា៖«យើងច្រានចោលទាំងស្រុងនូវរបាយការណ៍អំពីវត្តមានជំរំហ្វឹកហ្វឺនរបស់ក្រុមហ៊ួទី នៅលើទឹកដីអ៊ីរ៉ាក់»។ លោកបានពណ៌នាពាក្យចចាមអារ៉ាមបែបនេះថា គ្មានមូលដ្ឋាន ដោយបានសង្កត់ធ្ងន់ថា «គ្មានជំរំហ្វឹកហាត់ នៅលើទឹកដីអ៊ីរ៉ាក់ ដែលបុគ្គលមកពីប្រទេសផ្សេង អាចទទួលបានការហ្វឹកហ្វឺននោះទេ»។

អ្នកនាំពាក្យរូបនេះ ក៏បានកត់សម្គាល់ផងដែរថា៖«ចំនួននៃការឆ្លងដែនខុសច្បាប់ឬការជ្រៀតចូលឆ្លងកាត់ព្រំដែនអ៊ីរ៉ាក់-ស៊ីរី បច្ចុប្បន្ន គឺសូន្យ»។ លោកបាននិយាយថា កងកម្លាំងអ៊ីរ៉ាក់បន្តការគ្រប់គ្រងពេញលេញនៃព្រំដែនជាមួយស៊ីរី ហើយថា «មិនមានការព្រួយបារម្ភអំពីបញ្ហានេះទេ»។ លោកបានលើកឡើងបន្ថែមទៀតថា ទាហានស៊ីរីចំនួន ១.៩០០នាក់ ដែលបានចូលប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការផ្លាស់ប្តូរអំណាចនៅក្នុងទីក្រុង ដាម៉ាស (Damascus) នាពេលថ្មីៗនេះ បានវិលត្រឡប់ទៅទឹកដីស៊ីរីវិញហើយ។