ខណៈពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែក្រោយនេះ របរប្រើប្រាស់ ប្រពៃណីខ្មែរ ចាប់ផ្ដើមមានតម្រូវការច្រើន ដោយប្រជាពលរដ្ឋបាននាំគ្នាទិញរបស់របរទាំងនេះ យកទៅតុប តែងលំអគេហដ្ឋាន សាលារៀន វត្តអារាម និងស្ថាប័ននានា។
អ្នកលក់ឧបករណ៍ប្រើប្រាស់ប្រពៃណីខ្មែរ នៅក្នុងក្រុងតាខ្មៅ នៅថ្ងៃទី២៧ ខែមីនា នេះ បានប្រាប់ BTVថា ឥឡូវនេះ ការលក់របស់របរប្រពៃណីខ្មែរចាប់ផ្តើមលក់ដាច់ជាបណ្ដើរៗ ព្រោះនៅតាមក្រសួង ស្ថាប័ននានា បានទិញយកទៅតុបតែងលម្អរៀបចំសង្ក្រាន្ត និងត្រៀមទទួលស្វាគមន៍ទេវតាឆ្នាំថ្មី។
អ្នកលក់ទាំងនោះ បានបន្តថា របស់របរប្រពៃណី ដែលអតិថិជនបានទិញមានដូចជា មួកត្នោត ទ្រូ អង្រុត លប និងកញ្ជើ ជាដើម។ ពួកគេបានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តគាំទ្ររបស់របរប្រពៃណីខ្មែរ ដើម្បីចូលរួមចំណែកថែរក្សាប្រពៃណីខ្មែរ និងផលិតផលក្នុងស្រុក ។
មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចូលមកដល់ គេសង្កេតឃើញថា នៅតាមបណ្តាវត្តអារាម សាលារៀន ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងវិស័យឯកជននានា បានរៀបចំកម្មវិធីសង្ក្រាន្តយ៉ាងផុសផុស ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី។
នៅឆ្នាំ២០២៥ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹងចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខនេះ ដែលថ្ងៃទី១ ជាថ្ងៃចូលឆ្នាំ, ថ្ងៃទី ២ ជាថ្ងៃ វារៈវ័នបត,និងថ្ងៃទី ៣ ជាថ្ងៃឡើងស័ក៕ អត្ថបទ៖ទូច សោភ័ណ





