បេសកជនជាន់ខ្ពស់របស់ប្រទសកូរ៉េខាងត្បូង ប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានជំរុញឲ្យកូរ៉េខាងជើង ឲ្យបញ្ឈប់ការលះបង់ប្រជាជនរបស់ខ្លួន ដើម្បីរក្សារបបរបស់ខ្លួន ជាថ្នូរនឹងការគាំទ្ររបស់រុស្ស៊ី ដោយគូសបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែន បានបង្កឲ្យមានការឈឺចាប់ «ធ្ងន់ធ្ងរ» ដល់កងទ័ព និងក្រុមគ្រួសាររបស់ពួកគេ។
លោកឯកអគ្គរដ្ឋទូត Hwang Joon-kook បានធ្វើការអត្ថាធិប្បាយ ដោយបានបន្តការអំពាវនាវរបស់ទីក្រុងសេអ៊ូលដល់ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ឲ្យបញ្ចប់កិច្ចសហប្រតិបត្តិការយោធារបស់ពួកគេ ដែលបានធ្វើឲ្យកាន់តែស៊ីជម្រៅ បន្ទាប់ពីសន្ធិសញ្ញា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) បានចុះហត្ថលេខាកាលពីខែមិថុនា ឆ្នាំមុន។
លោកបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ស្តីពីការថែរក្សាសន្តិភាព និងសន្តិសុខរបស់អ៊ុយក្រែនថា៖«សង្រ្គាមនេះ បានធ្វើឲ្យមានការឈឺចាប់យ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែលើប្រជាជនអ៊ុយ ក្រែន និងទាហានរុស្ស៊ី និងក្រុមគ្រួសាររបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងទាហាននិងប្រជាជនរបស់កូរ៉េខាងជើងផងដែរ»។
លោកបានកត់សម្គាល់ថា កិច្ចសម្ភាសន៍ជាមួយទាហានកូរ៉េខាងជើង ដែលត្រូវបានចាប់ខ្លួន នៅតំបន់ Kursk ខ្សែត្រៀមជួរមុខរបស់រុស្ស៊ី បានបង្ហាញថា ពួកគេត្រូវបានបោកបញ្ឆោតដោយមេដឹកនាំកូរ៉េខាងជើង ឲ្យជឿថា ពួកគេត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ីសម្រាប់ការហ្វឹកហ្វឺន មិនមែនដើម្បីប្រយុទ្ធ ក្នុង សង្គ្រាមនោះទេ។