មេបញ្ជាការកងទ័ពស៊ូដង់លោក Abdel Fattah al-Burhan បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រទៅកាន់អាកាសយានដ្ឋានក្រុង Khartoumកាលពីថ្ងៃពុធ មុនពេលបន្តដំណើរទៅកាន់វិមានប្រធានាធិបតី ដើម្បីបញ្ជាក់ថា កងទ័ពស៊ូដង់គ្រប់គ្រងបានវិញហើយបេះដូងរបស់រដ្ឋធានីមួយនេះ ។
រូបភាពវីដេអូឃ្លីបបញ្ចេញដោយក្រុមប្រឹក្សាកាន់អំណាចរបស់លោក ឃើញរូបលោក al-Burhan ដើរជុំវិញវិមានប្រធានាធិបតី និងតំបន់ជុំវិញជាមួយមន្រ្តីយោធា ហើយនិងឃើញលោក Burhan ឡើងជិះឧទ្ធម្ភាគចក្រ ។
ដំណើរទស្សនកិច្ចនេះ បានកើតមានឡើង ពេលដែលកងទ័ពស៊ូដង់ រុញច្រានគូប្រជែងរបស់ខ្លួនដែលជាកងកម្លាំងគាំទ្ររហ័ស(RSF) ឲ្យចេញពីតំបន់ភាគច្រើននៅក្នុងទីក្រុង Khartoum ។
សេចក្តីថ្លែងការណ៍របស់កងទ័ព បាននិយាយថា ការហោះហើររបស់លោកទៅកាន់អាកាសយានដ្ឋាន គឺជាដំណើរលើកដំបូងដែលបានចុះចតនៅទីនោះ ចាប់តាំងពីផ្ទុះសង្រ្គាមកាលពីខែមេសា ឆ្នាំ ២០២៣ ។
កងទ័ពស៊ូដង់និយាយផងដែរថា ពួកគេដណ្តើមបានការគ្រប់គ្រងមូលដ្ឋានទ័ពសំខាន់របស់កងកម្លាំង RSF ស្ថិតនៅភាគខាងត្បូងរដ្ឋធានី ដែលជាតំបន់កាន់កាប់ធំចុងក្រោយគេរបស់ទាហានប៉ារ៉ាមួយនេះ នៅក្នុងរដ្ឋ Khartoum ៕