ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃពុធថា លោកសង្ឃឹមថា សហរដ្ឋអាមេរិកមានអំណាចគ្រប់គ្រាន់ ដើម្បីដាក់គំនាបរុស្ស៊ីឲ្យចូលរួមបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌជាមុន ។
លោក Zelenskiy បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ ក្រោយទីក្រុងម៉ូស្គូ ដាក់ចេញលក្ខខណ្ឌសម្រាប់ការបញ្ឈប់ការវាយប្រហារនៅសមុទ្រខ្មៅ ដែលរៀបចំឡើងដោយទីក្រុងវ៉ាស៊ីនតោន ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron នៅទីក្រុងប៉ារីស លោក Zelenskiy និយាយថា ទណ្ឌកម្មលើរុស្ស៊ី គួរតែត្រូវបន្ត ហើយគួរតែត្រូវបានពង្រឹងបន្ថែមទៀត ។
លោកបន្តថា ពួកយើងមានសង្ឃឹម និងមានជំនឿថា សហរដ្ឋអាមេរិកមានអំណាចគ្រប់គ្រាន់ដើម្បីដាក់គំនាបប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឲ្យចូលរួមបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ។
លោកថា ពួកយើងបានពិភាក្សាផងដែរការបញ្ឈប់ការវាយប្រហារណាមួយលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។ វាហាក់ដូចជាដៃគូអាមេរិករបស់ពួកយើងគាំទ្រពួកយើង ប៉ុន្តែពួកគេពុំទទួលបានការគាំទ្របែបនេះពីរុស្ស៊ីនោះទេ ។
ខណៈពេលនោះដែរ លោក Macron បាននិយាយថា បារាំងនឹងផ្តល់ជំនួយយោធាបន្ថែមចំនួន ២ពាន់លានអឺរ៉ូ (ស្មើនឹង ២,១៥ ពាន់លានដុល្លារ) ដល់ប្រទេសអ៊ុយក្រែន ។ លោកថា មីស៊ីលប្រឆាំងរថក្រោះ មីស៊ីលបាញ់ពីដីទៅអាកាស រថពាសដែក និងយានដ្រូន គឺជាផ្នែកមួយនៃគ្រឿងយុទ្ធោបករណ៍ថ្មីៗដែលត្រូវផ្តល់ទៅឲ្យទីក្រុងគីវ ហើយយន្តហោះចម្បាំងជាច្រើនគ្រឿងទៀត នឹងត្រូវផ្តល់ឲ្យផងដែរ ។
សូមបញ្ជាក់ថា ទីក្រុងគីវ បាននិយាយនៅពេលមុននេះថា ពួកគេត្រៀមខ្លួនរួចរាល់ក្នុងការអនុវត្តកិច្ចព្រមព្រៀងភ្លាមៗជាមួយរុស្ស៊ី ៕