ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva (លោក លូឡា) បានលើកឡើងថា ប្រធានាធិបតីអាមេរិក លោក Donald Trump ធ្វើឲ្យសេដ្ឋកិច្ចអាមេរិកមានហានិភ័យ ដោយសារការដំឡើងពន្ធបន្ថែម ហើយលោកបានប្តេជ្ញាដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការយកពន្ធលើដែកថែបរបស់ប្រេស៊ីល។
នាថ្ងៃព្រហស្បតិ៍ (ទី២៧ ខែមីនា) នេះ អំឡុងសន្និសីទសារព័ត៌មាន នៅឯទីក្រុងតូក្យូ ប្រទេសជប៉ុន លោក Lula បាននិយាយថា៖ «វា (ការដំឡើងពន្ធ) នឹងធ្វើឲ្យតម្លៃទំនិញឡើងថ្លៃ ហើយអាចនាំឲ្យមានអតិផរណាដែលរូបគាត់ (លោក Trump) មិនទាន់ដោះស្រាយបាននៅឡើយទេ»។
សូមបញ្ជាក់ថា កាលពីថ្ងៃពុធ (ទី២៦ ខែមីនា) លោក Trump បានប្រកាសពន្ធ ២៥ភាគរយលើការនាំចូលរថយន្ត និងរថយន្តដឹកទំនិញធុនស្រាលដែលត្រូវចាប់ផ្តើមពីសប្តាហ៍ក្រោយទៅ ដោយធ្វើឲ្យកាន់តែរីកធំទៅៗនូវសង្រ្គាមពាណិជ្ជកម្មសកលដែលលោកបានចាប់ផ្តើមឡើង បន្ទាប់ពីបានក្លាយជាប្រធានាធិបតីក្នុងខែមករា។
កាលពីថ្ងៃទី១២ ខែមីនា រដ្ឋបាលរបស់លោក Trump ក៏បានដាក់ពន្ធ ២៥ភាគរយផងដែរ លើដែកថែប និងអាលុយមីញ៉ូមទាំងអស់ពីប្រទេសប្រេស៊ីល ដែលជាអ្នកនាំចេញធំទីពីរទៅកាន់ទីផ្សារអាមេរិក បន្ទាប់ពីប្រទេសកាណាដា។ ហើយរហូតមកដល់ពេលនេះ រដ្ឋាភិបាលប្រេស៊ីល បានបរាជ័យក្នុងការចរចា ដើម្បីឲ្យបានវិលត្រលប់ទៅកាន់គោលនយោបាយនៃកូតានាំចេញដោយគ្មានពន្ធប្រចាំឆ្នាំ។
នៅទីក្រុងតូក្យូ ជាកន្លែងដែលលោកបានជួបនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba កាលពីថ្ងៃពុធ សម្រាប់កិច្ចពិភាក្សាដែលមានគោលបំណងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោក Lula បាននិយាយថា៖ «យើងមានជម្រើស ២។ ទី១ គឺដាក់ពាក្យបណ្ដឹងទៅ WTO ដែលយើងនឹងធ្វើ ហើយមួយទៀត គឺដំឡើងពន្ធឲ្យកាន់តែខ្ពស់ ចំពោះផលិតផលអាមេរិក។ យើងមិនអាចនៅស្ងៀមបាននោះឡើយ»៕