តុលាការទួរគីនៅថ្ងៃព្រហស្បតិ៍នេះ បានដោះលែងអ្នកថតរូបសារព័ត៌មាន AFP លោក Yasin Akgul ដែលត្រូវបានឃុំខ្លួនពីបទតាមយកព័ត៌មានអំពីការតវ៉ាដ៏ធំ ដែលធ្វើឲ្យកក្រើកប្រទេសនេះ។
លោក Akgul អាយុ ៣៥ឆ្នាំ គឺជាអ្នកកាសែតទួរគីម្នាក់ក្នុងចំណោម ៧នាក់ ដែលត្រូវបានចាប់ខ្លួន នៅសប្តាហ៍នេះ បន្ទាប់ពីប៉ុន្មានថ្ងៃនៃការតាមប្រមូលព័ត៌មានអំពីការតវ៉ាដ៏ធំ ដែលបានផ្ទុះឡើង កាលពីថ្ងៃទី១៩ ខែមីនា នៅពេលដែលអភិបាលក្រុងអ៊ីស្តង់ប៊ុលលោក Ekrem Imamoglu ជាគូប្រជែងនយោបាយសំខាន់របស់លោកប្រធានាធិបតី រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) ត្រូវបានចាប់ខ្លួន។
ឯកសារតុលាការ បានបង្ហាញថា លោក Akgul និងសហការីរបស់ខ្លួន ត្រូវបានចាប់ខ្លួននៅផ្ទះរបស់ពួកគេនៅព្រឹកព្រលឹម ហើយត្រូវបានចោទប្រកាន់ពីបទ «ចូលរួមក្នុងការប្រមូលផ្តុំ និងការហែក្បួនខុសច្បាប់ និងការខកខាន មិនបានបំបែកចេញពីការតវ៉ានោះ ទោះបីជាមានការព្រមានក៏ដោយ»។
ប្រទេសទួរគី ជាប់ចំណាត់ថ្នាក់ ១៥៨ ក្នុងចំណោម ១៨០ ប្រទេសដែលបានចុះបញ្ជីនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២៤ ដែលចងក្រងដោយក្រុមអ្នកសារព័ត៌មានគ្មានព្រំដែន( RSF)។
នាយកប្រតិបត្តិសារព័ត៌មាន AFP និងជាប្រធានសារព័ត៌មាននេះ បានរិះគន់ការជាប់ពន្ធនាគារថា «មិនអាចទទួលយកបានទេ»។