ប្រធានាធិបតីកូសូវ៉ូលោកស្រី Vjosa Osmani បាននិយាយកាលពីថ្ងៃពុធថា កេនយ៉ា បានក្លាយជាប្រទេសចុងក្រោយគេ ដែលទទួលស្គាល់កូសូវ៉ូ ជាប្រទេសឯករាជ្យ ហើយបានសន្យាបើកទំនាក់ទំនងការ ទូតជាមួយគ្នា។
លោកស្រី Osmani បាននិយាយនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖«កូសូវ៉ូ បន្តឆ្ពោះទៅមុខលើផ្លូវ នៃការធ្វើសមាហរណកម្ម និងការពង្រឹងជំហរអន្តរជាតិរបស់ខ្លួន»។
នៅក្នុងការបង្ហោះរបស់ខ្លួន លោកស្រី បានបោះពុម្ពផ្សាយសេចក្តីប្រកាស ដែលលោកស្រីបាននិយាយថា បានមកពីប្រធានាធិបតីកេនយ៉ា លោក William Ruto ដែលនិយាយអំពីសិទ្ធិសម្រេចដោយខ្លួនឯង របស់ កូសូវ៉ូ និងរួមបញ្ចូលសេចក្តីថ្លែងការណ៍ដែលបញ្ជាក់ថា៖«ការទទួលស្គាល់នេះ នឹងឈានដល់ការបង្កើតទំនាក់ទំនងការទូត»។
ក្រសួងការបរទេសរបស់ប្រទេសស៊ែប៊ី«ថ្កោលទោសយ៉ាងដាច់អហង្ការ»ចំពោះការសម្រេចចិត្តរបស់កេនយ៉ា ក្នុងការទទួលស្គាល់ឯកតោភាគីនូវ«ឯករាជ្យភាពនៃអ្វីដែលគេហៅថា «ប្រទេសកូសូវ៉ូ»។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការសម្រេចបែបនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងការរំលោភដោយផ្ទាល់លើសេចក្តីសម្រេចលេខ ១២៤៤ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។