នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃព្រហស្បតិ៍ (ទី២៧ មីនា) នេះ បាននិយាយថា លោកគ្រោងនឹងប្រកាសការបោះឆ្នោត «ក្នុងពេលឆាប់ៗ» ខណៈដែលរដ្ឋាភិបាលកណ្តាល-ឆ្វេងនិយមរបស់លោក បានប្រញាប់ប្រញាល់ឆ្លងកាត់សភានូវសេចក្តីព្រាងច្បាប់ ស្តីពីការកាត់បន្ថយពន្ធថ្មី ជាកិច្ចប្រឹងប្រែង ដើម្បីបង្កើនការគាំទ្រ និងទាក់ទាញមកវិញនូវអ្នកបោះឆ្នោតដែលមានអារម្មណ៍មិនពេញចិត្ត។
ការកំណត់រយៈពេល ៣ឆ្នាំ មានន័យថា អូស្ត្រាលីត្រូវបោះឆ្នោតនៅត្រឹមថ្ងៃទី១៧ ឧសភា ដើម្បីជ្រើសរើសសភាថ្មី។ ការស្ទង់មតិបង្ហាញពីការបោះឆ្នោតដ៏ស្វិតស្វាញ ដោយសម្ព័ន្ធក្រុមប្រឆាំង គឺគណបក្ស Liberal–National Coalition (សម្ព័ន្ធជាតិសេរី) នាំមុខគណបក្ស Labor (ការងារ) ក្នុងសំឡេងស្ដួចស្ដើង។
លោក Albanese បានប្រាប់វិទ្យុ Triple M ថា៖ «វា (ការបោះឆ្នោត) នឹងមាននៅក្នុងខែឧសភា ខ្ញុំអាចធានាបាន។ ហើយវានឹងត្រូវបានប្រកាសឆាប់ៗនេះ។ ខ្ញុំមិនប្រកាសនៅថ្ងៃនេះទេ ប៉ុន្តែខ្ញុំនឹងប្រកាសឆាប់ៗនេះ។ ខ្ញុំគិតថា ប្រជាជនអូស្ត្រាលីចង់ឲ្យកើតឡើងឆាប់ៗ ដោយមិនចង់ឲ្យពន្យារទេ»។
រដ្ឋាភិបាលរបស់គណបក្សការងារ ដែលដឹកនាំដោយលោក Albanese បាននិងកំពុងប្រកាសអំពីវិធានការមួយចំនួន ក្នុងគោលបំណងបំពេញចិត្តក្រុមគ្រួសារ និងអាជីវកម្មនានា ដែលប្រឈមនឹងការចំណាយខ្ពស់ ខណៈដែលខ្លួនចង់ឈ្នះអាណត្តិទី២។ សេចក្ដីស្នើច្បាប់កាត់បន្ថយពន្ធត្រូវបានដាក់ជូនទៅសភាជាន់ទាប កាលព្រឹកថ្ងៃពុធ ហើយត្រូវបានអនុម័តក្នុងកិច្ចប្រជុំនាពេលយប់ នៅព្រឹទ្ធសភា ជាកន្លែងដែលគណបក្សការងារមិនមានសំឡេងភាគច្រើនដាច់ខាត ទទួលបានការគាំទ្រពីគណបក្ស Greens និងបណ្ដាគណបក្សឯករាជ្យ៕