ប្រព័ន្ធផ្សព្វផ្សាយដែលស្និទ្ធនឹងក្រុមហាម៉ាស នាព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (ទី២៧ ខែមីនា) នេះ បានរាយការណ៍ថា អ្នកនាំពាក្យក្រុមហាម៉ាស លោក Abdel-Latif Al-Qanoua បានបាត់បង់ជីវិត អំឡុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងជើងតំបន់ហ្កាហ្សា ដោយនេះគឺសមាជិករបស់ក្រុមចុងក្រោយបង្អស់ដែលត្រូវបានសម្លាប់ ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនឡើងវិញ នៅក្នុងដែនដីនេះ។
ទូរទស្សន៍ Al-Aqsa របស់ក្រុមហាម៉ាស បានផ្សាយថា លោក Al-Qanoua ត្រូវបានសម្លាប់ នៅពេលដែលតង់របស់លោកត្រូវបានវាយប្រហារនៅក្នុងទីក្រុង Jabalia។
ប្រភពពីខាងពេទ្យ បានឲ្យដឹងថា ការវាយប្រហារដូចគ្នានេះ បានបណ្ដាលឲ្យមនុស្សជាច្រើននាក់រងរបួស ខណៈដែលការវាយប្រហារផ្សេងទៀត បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ នៅក្នុងទីក្រុងហ្កាហ្សា និងម្នាក់ទៀតនៅភាគខាងត្បូងនៃទីក្រុង Khan Younis របស់តំបន់ហ្កាហ្សា។

ជាមួយគ្នានេះ កាលពីដើមសប្តាហ៍នេះ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ លោក Ismail Barhoum សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស និងមេដឹកនាំជាន់ខ្ពស់ម្នាក់ទៀត គឺលោក Salah al-Bardaweel។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន អ៊ីស្រាអែលបានបញ្ចប់បទឈប់បាញ់រយៈពេល ២ខែ ដោយចាប់ផ្ដើមប្រតិបត្តិការទម្លាក់គ្រាប់បែក និងផ្លូវគោកឡើងវិញ ជាការបង្កើនសម្ពាធលើក្រុមហាម៉ាសឲ្យព្រមដោះលែងចំណាប់ថ្នូរនៅសល់ដែលកំពុងស្ថិតក្រោមការឃុំខ្លួន។ បើយោងតាមក្រសួងសុខាភិបាលរបស់តំបន់ហ្កាហ្សា បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨៣០នាក់ ដែលជាងពាក់កណ្តាលជាកុមារ និងស្ត្រី ត្រូវបានសម្លាប់ ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារយោធាឡើងវិញ នៅតំបន់ហ្កាហ្សា ចាប់ពីថ្ងៃទី១៨ ខែមីនាមក៕

