ក្រសួងការពារជាតិបារាំង បាននិយាយនៅក្នុងការបញ្ចេញព័ត៌មានថា យន្តហោះចម្បាំង Alpha ២គ្រឿងមកពីអង្គភាពទ័ពអាកាស Patrouille de France បានបុកគ្នាពេលហោះហើរ អំឡុងការហ្វឹកហ្វឺនជិតមូលដ្ឋានទ័ព ស្ថិតក្នុងទីក្រុង Saint Dizier នៅភាគខាងកើតប្រទេសបារំាង ។
រូបភាពវីដេអូឃ្លីបដែលបានចែករំលែកលើបណ្តាញព័ត៌មានសង្គម ឃើញយន្តហោះ ៦គ្រឿង បានធ្វើសមយុទ្ធ ពេលបាញ់គ្រាប់បែកផ្សែង ៣ពណ៌ ។ យន្តហោះចម្បាំង ២គ្រឿង បានបុកគ្នា បណ្តាលឲ្យបំណែកយន្តហោះធ្លាក់ ។
យន្តហោះមួយគ្រឿង ទំនងជាគ្រប់គ្រងម្ចាស់ការខ្លួនឯងបាន ខណៈយន្តហោះមួយគ្រឿងទៀត ធ្លាក់លើដី ធ្វើឲ្យសំណុំភ្លើងផ្ទុះឡើង ។
ក្រសួងការពារជាតិបារាំង និយាយថា អ្នកបើកបរយន្តហោះ ២នាក់ និងមនុស្សម្នាក់ទៀតនៅកៅអីក្រោយ បានខ្ទាតចេញពីយន្តហោះ ហើយពួកគេពុំរងផលប៉ះពាល់នោះទេ គ្រាន់តែទទួលការព្យាបាលប៉ុណ្ណោះ ។
ក្រសួងបន្តថា គ្មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់នៅជុំវិញកន្លែងកើតមានឧបទ្ទេវហេតុនោះទេ ហើយពួកគេកំពុងស៊ើបអង្កេតពីមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់យន្តហោះចម្បាំងបុកគ្នាពាក់កណ្តាលអាកាសបែបនេះ ៕