អគ្គលេខាធិការក្រុមហេសបូឡា លោក Sheikh Naim Qassem បានបញ្ជាក់ជាថ្មីកាលពីថ្ងៃពុធថា ប្រទេសលីបង់ នឹងមិនទទួលយកការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល និងបានថ្កោលទោសការរំលោភបំពានដែលកំពុងបន្តរបស់ប្រទេសនេះ នៅភាគខាងត្បូងលីបង់។
ថ្លែងនៅឯវេទិកាទីក្រុងហ្ស៊េរុយសាឡឹម លោក Qassem បានសង្កត់ធ្ងន់ថា៖«ហេសបូឡា និងក្រុមតស៊ូរបស់លីបង់ នៅតែមានជំហររឹងមាំ ដោយរារាំងអ៊ីស្រាអែលមិនឲ្យសម្រេចបាននូវគោលបំណងរបស់ខ្លួននៅក្នុងប្រទេសលីបង់» ដោយសង្កត់ធ្ងន់ថា ការធ្វើប្រក្រតីភាពទំនាក់ទំនងនោះ លែងមានទៀតហើយ។ នេះបើយោងតាមទូរទស្សន៍ al-Manar TV។
លោកបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ក្រុមហេសបូឡា ចំពោះអធិបតេយ្យភាពរបស់ប្រទេសលីបង់ និងការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុង ដោយអំពាវនាវឲ្យរដ្ឋលីបង់ ដាក់សម្ពាធលើតួអង្គអន្តរជាតិឲ្យអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់ និងរក្សាសិទ្ធិរបស់ប្រទេសលីបង់។
លោកបាននិយាយថា ក្រុមហសបូឡាបានប្រឆាំងជានិច្ចចំពោះរាល់ការចូលរួមនយោបាយ ឬការទូតជាមួយអ៊ីស្រាអែល ដោយលើកឡើងពីការបន្តកាន់កាប់ទឹកដីលីបង់ រួមទាំងតំបន់ Shebaa Farms និងភ្នំ Kfarchouba ដែលត្រូវបានដាក់បញ្ចូលជាឧបសម្ព័ន្ធដោយអ៊ីស្រាអែល ដោយបញ្ជាក់ថា ក្រុមនេះ រក្សាការតស៊ូយ៉ាងខ្ជាប់ខ្ជួន គឺជាមធ្យោបាយតែមួយគត់ ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសលីបង់ និងទប់ស្កាត់មិនឲ្យអ៊ីស្រាអែល ឈ្លានពានបន្ថែមទៀតឡើយ។