រដ្ឋមន្ត្រីការបរទេសទីក្រុងរ៉ូម បានប្រាប់សមាជិកសភា នៅថ្ងៃព្រហស្បតិ៍នេះថា អ៊ីតាលីបានបែងចែកថវិកាប្រមាណ ៦៨ លានអឺរ៉ូ (៧៣,២០ លានដុល្លារ) ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងមនុស្សធម៌ និង កសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្នុងប្រទេសស៊ីរី ដោយនិយាយថា ជំនួយនេះ មានសារៈប្រយោជន៍ ក្នុងការគាំទ្រដល់ការផ្លាស់ប្តូរ នៅក្នុងទីក្រុងដាម៉ាស។
រដ្ឋមន្ត្រីការបរទេសលោក Antonio Tajani បានប្រាប់សវនាការនៅសភាថា៖«កញ្ចប់ដំបូងមួយ ត្រូវបានបង្កើតឡើងសម្រាប់គំនិតផ្តួចផ្តើមមនុស្សធម៌ នៅក្នុងមន្ទីរពេទ្យ និងវិស័យសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងក្នុងការពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ស្បៀងអាហារ»។
លោកបានបន្ថែមថា៖«គម្រោងកិច្ចសហប្រតិបត្តិការថ្មី នឹងចាប់ផ្តើម នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយយើងក៏មានផែនការរៀបចំវេទិកាធុរកិច្ច ដែលមានបំណងកសាងឡើងវិញដែរ»។
កាលពីដើមខែនេះ ម្ចាស់ជំនួយនៅក្នុងសន្និសីទដែលដឹកនាំដោយសហភាពអឺរ៉ុប បានសន្យាផ្តល់ប្រាក់ចំនួន៥,៨ ពាន់លានអឺរ៉ូ ដើម្បីជួយអាជ្ញាធរថ្មីរបស់ប្រទេសស៊ីរី ដោះស្រាយបញ្ហាប្រឈមនៃការផ្លាស់ប្តូរនេះ។
ប្រទេសសហភាពអឺរ៉ុប ក៏បានផ្អាកការដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងប្រទេសស៊ីរី រួមទាំងការរឹតបន្តឹងទាក់ទងនឹងថាមពល ធនាគារ ការដឹកជញ្ជូន និងការកសាងឡើងវិញ។