អភិបាលតំបន់ Dnipro លោក Serhiy Lysak បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Telegram ថា ការវាយប្រហារយានដ្រូនរុស្ស៊ីលើទីក្រុង Dnipro របស់ប្រទេសអ៊ុយក្រែនកាលពីយប់ថ្ងៃពុធ បណ្តាលឲ្យកើតមានអគ្គិភ័ ហើយមនុស្ស ៣នាក់ បានរងរបួស ។
លោកបន្តថា អគារខ្ពស់ៗជាង ១០ខ្នង រងការខូចខាតដោយសារការវាយប្រហារនេះ ក៏ដូចជាអគារអប់រំ និងអគារវប្បធម៌ ។
កងទ័ពអាកាសអ៊ុយក្រែន និយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីបានបើកការវាយប្រហារយានដ្រូន ៨៦គ្រឿង និងមីស៊ីលបាលីស្ទិក ១គ្រាប់ អំឡុងការវាយប្រហាររបស់ពួកគេកាលពីយប់កន្លងទៅ ។
រុស្ស៊ី បានវាយប្រហារផងដែរលើតំបន់ Nikopol ដោយប្រើប្រាស់យានដ្រូន kamikaze និងកាំភ្លើងធំ ។ ពួកគេមានគោលដៅលើទីក្រុង Nikopol ក៏ដូចជាទីក្រុង Pokrovske, Marhanets និងទីក្រុង Chervonohryhorivka ។
ស្រ្តីវ័យ ៣០ឆ្នាំ បានរងរបួស នៅក្នុងការវាយប្រហារនេះ ហើយអគារខ្ពស់ៗ ផ្ទះសម្បែងរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ ស្ថានីយប្រេង និងរថយន្ត បានរងការខូចខាតដូចគ្នា ៕