ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅក្រុងព្យុងយ៉ាង ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ដែលនិយាយថា ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង នឹងចាប់ផ្តើមសាងសង់ស្ពានថ្នល់ឆ្លងកាត់ទន្លេ Tumen រវាងប្រទេសទាំង២ ក្នុងពេលឆាប់ៗនេះ។
ស្ពាននេះត្រូវបានយល់ព្រមឲ្យសាងសង់ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងឆ្នាំ២០២៤ នៅពេលដែលប្រទេសទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ស្ពានថ្នល់នេះនឹងត្រូវសាងសង់នៅជិតស្ពានផ្លូវរថភ្លើងឈ្មោះ «Friendship Bridge» (ស្ពានមិត្តភាព) ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ១៩៥៩ ក្រោយសង្គ្រាមកូរ៉េ។ ហើយយោងតាមសារព័ត៌មានរុស្ស៊ី បានឲ្យដឹងថា មានស្ពានឈើបុរាណមួយត្រូវបានប្រើប្រាស់ឆ្លងកាត់ព្រំដែន កាលពីដើមសតវត្សរ៍ទី២០ ប៉ុន្តែត្រូវបានបំផ្លាញ។
លោក Alexander Matsegora ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង បានប្រាប់សារេព័ត៌មាន RIA ថា៖ «ការសាងសង់ស្ពាននេះ មិនទាន់ចាប់ផ្តើមនៅឡើយទេ»។ ប៉ុន្តែលោកបានបញ្ជាក់ថា៖ «ភាគីនានាកំពុងអនុវត្តការងារត្រៀមរៀបចំ បញ្ចប់ឯកសាររចនាប្លង់ បង្កើតក្រុមការងារសំណង់ និងឧបករណ៍ចាក់សសរ»។
ស្ពានថ្នល់ដែលស្ថិតក្រោមការពិភាក្សាជាច្រើនឆ្នាំមកហើយនោះ នឹងមានប្រវែង ៨៥០ម៉ែត្រ និងតភ្ជាប់ជាមួយប្រព័ន្ធផ្លូវហាយវេរុស្ស៊ី។ នៅក្នុងរបាយការណ៍កាលពីថ្ងៃទី៥ ខែមីនា ក្រុមហ៊ុនវិភាគរូបភាពផ្កាយរណបរបស់កូរ៉េខាងត្បូង SI Analytics បានឲ្យដឹងថា ការងារការចាក់គ្រឹះស្ពាន និងតំណភ្ជាប់ផ្លូវ ហាក់ដូចជាបានចាប់ផ្តើមហើយ៕