សង្គ្រាម នៅប្រទេសអ៊ុយក្រែន និងការបង្កើនការចំណាយលើវិស័យការពារជាតិរបស់អឺរ៉ុប ទំនងជាធ្វើឲ្យយឺតដល់ផែនការរបស់អូស្ត្រាលី ក្នុងការអភិវឌ្ឍសមត្ថភាពមីស៊ីលរបស់ខ្លួន ខណៈដែលប្រទេសនេះ បន្តជំរុញកិច្ចប្រឹងប្រែងតម្លៃរាប់ពាន់លានដុល្លារ ដើម្បីទិញមីស៊ីលវាយប្រហាររយៈចម្ងាយឆ្ងាយ។
លោកនាយករដ្ឋមន្ត្រី Anthony Albanese កាលពីឆ្នាំមុន បានសន្យាចំណាយ ៧៤ពាន់លានដុល្លារអូស្ត្រាលី (៤៦,៦៨ពាន់លានដុល្លារ) ដើម្បីទិញមីស៊ីល ក្នុងនោះរួមទាំង ២១ពាន់លានដុល្លារអូស្ត្រាលី ដើម្បីបង្កើតសហគ្រាសផលិតអាវុធតម្រង់គោលដៅ និងយុទ្ធភណ្ឌរំសេវផ្ទុះ នៅក្នុងប្រទេសអូស្ត្រាលីផងដែរ ខណៈដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សការងាររបស់លោក បានកែប្រែយុទ្ធសាស្ត្រការពារជាតិរបស់ប្រទេស ដើម្បីឆ្លើយតបទៅនឹងការពង្រឹងកម្លាំងយោធារបស់ប្រទេសចិន។
ដោយទប់ទល់នឹងបញ្ហាផ្គត់ផ្គង់សកល អូស្ត្រាលីបានចុះហត្ថលេខាលើការបញ្ជាទិញជាបន្តបន្ទាប់យ៉ាងប្រញាប់ប្រញាល់ជាមួយក្រុមហ៊ុនការពារជាតិអាមេរិក និងអឺរ៉ុប ក្នុងនោះរួមមានទាំងក្រុមហ៊ុន Lockheed Martin, Kongsberg និង Raytheon ។
លោក Tim Cahill អនុប្រធានក្រុមហ៊ុន Lockheed Martin សម្រាប់ការគ្រប់គ្រងមីស៊ីល និងការហោះហើរបាននិយាយថា ក្រុមហ៊ុនអាមេរិកកំពុងពិភាក្សាជាមួយអូស្ត្រាលី ជុំវិញ «ដំណោះស្រាយរយៈពេលវែង និងរយៈពេលខ្លី» សម្រាប់មីស៊ីលល្បឿនលឿនជាងសំឡេង ដែលអូស្ត្រាលីចង់បាន ដើម្បីការពារព្រំដែនភាគខាងជើងរបស់ខ្លួន៕