នៅក្នុងសារជាវីដេអូ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានព្រមានពលរដ្ឋរស់នៅក្នុងតំបន់ហ្កាហ្សា ពីការបង្កើនប្រតិបត្តិការយោធានៅតាមតំបន់ជាច្រើនទៀត និងនិយាយប្រាប់ពួកគេឲ្យទាមទារការដកឫសក្រុមហាម៉ាសនៅដែនដីមួយនេះ ។
នៅក្នុងរូបភាពវីដេអូឃ្លីបចេញដោយក្រសួងការពារជាតិអ៊ីស្រាអែល លោក Katz បាននិយាយបែបនេះ ដោយចង់សំដៅលើបាតុកម្មនៅទីក្រុង Beit Lahiya ស្ថិតនៅភាគខាងជើងហ្កាហ្សា ជាកន្លែងដែលជនប៉ាឡេស្ទីនរាប់រយនាក់ នាំគ្នាតវ៉ាទាមទារឲ្យបញ្ចប់សង្រ្គាម នៅក្នុងការជំទាស់ដ៏កម្រមួយរបស់ពួកគេប្រឆាំងនឹងក្រុមជីវពលហាម៉ាស ដែលបានបង្កសង្រ្គាមចុងក្រោយនៅតំបន់ហ្កាហ្សា ជាមួយនឹងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣លើអ៊ីស្រាអែល ។
តំបន់ភាគខាងជើងហ្កាហ្សា ស្ថិតក្នុងចំណោមតំបន់រងការខ្ទេចខ្ទាំខ្លាំងបំផុតនៅក្នុងតំបន់ហ្កាហ្សា ។ អគារភាគច្រើននៅតំបន់មានមនុស្សរស់នៅច្រើន បានក្លាយជាគំនរបាក់បែក ហើយភាគច្រើននៃពលរដ្ឋ បានជម្លៀសខ្លួនច្រើនលើកច្រើនសារ ដើម្បីគេចចេញពីជម្លោះមួយនេះ ។
មនុស្សរាប់ម៉ឺននាក់ ដែលបានជម្លៀសខ្លួនចេញទៅកាន់តំបន់ភាគខាងត្បូងហ្កាហ្សានៅពេលសង្រ្គាមចាប់ផ្តើមភ្លាមៗដែលបច្ចុប្បន្នបានសម្លាប់ជនប៉ាឡេស្ទីនជិត ៥ម៉ឺននាក់នោះ បានវិលត្រឡប់ទៅកាន់ផ្ទះរងការបំផ្លិចបំផ្លាញរបស់ពួកគេវិញ នៅតំបន់ភាគខាងជើង ពេលដែលបទឈប់បាញ់ចូលជាធរមានកាលពីខែមករា ។
បច្ចុប្បន្ន ការបញ្ជាឲ្យជម្លៀសខ្លួនរបស់អ៊ីស្រាអែល ក្រោយពួកគេបើកការវាយប្រហារឡើងវិញកាលពីថ្ងៃទី ១៨ ខែមីនាកន្លងទៅ បានធ្វើឲ្យរង្គោះរង្គើរដល់បទឈប់បាញ់រយៈពេល ២ខែ អំឡុងពេលដែលក្រុមហាម៉ាស បានប្រគល់ចំណាប់ថ្នូរបន្ថែមទៀតដល់អ៊ីស្រាអែល ៕