លោក Kamal Kharrazi ជាទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែមីនា) នេះ បាននិយាយថា ទីក្រុងតេអេរ៉ង់មិនបានបិទទ្វារទាំងអស់ ដើម្បីដោះស្រាយជម្លោះរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិកនោះឡើយ ហើយត្រៀមខ្លួន សម្រាប់កិច្ចចរចាដោយប្រយោលជាមួយទីក្រុងវ៉ាស៊ីនតោន។
មកទល់ពេលនេះ ទីក្រុងតេអេរ៉ង់ បានច្រានចោលការព្រមានរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលតម្រូវឲ្យធ្វើកិច្ចព្រមព្រៀង ឬមិនដូច្នោះទេ ត្រូវប្រឈមមុខនឹងផលវិបាកផ្នែកយោធា។ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានហៅសារនោះថា ជាការបោកបញ្ឆោត ហើយរដ្ឋមន្ត្រីការបរទេស លោក Abbas Araqchi បាននិយាយថា ការពិភាក្សា គឺមិនអាចទៅរួចនោះទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន មិនកែប្រែគោលនយោបាយ «ដាក់សម្ពាធអតិបរមា» របស់ខ្លួនទេនោះ។
យ៉ាងណាក្ដី បើយោងតាមទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់ពាក់កណ្តាលផ្លូវការ បានឲ្យដឹងថា លោក Kharrazi បានប្រាប់ថា៖ «សាធារណរដ្ឋឥស្លាមមិនបានបិទទ្វារទាំងអស់នោះទេ។ ខ្លួនបានត្រៀមរួចជាស្រេច សម្រាប់ការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិក ដើម្បីវាយតម្លៃភាគីម្ខាងទៀត បញ្ជាក់ពីលក្ខខណ្ឌផ្ទាល់ខ្លួន និងធ្វើការសម្រេចដ៏សមស្រប»។
អ៊ីរ៉ង់មានបំណងឆ្លើយតបនឹងលិខិតរបស់លោក Trump ក្នុងពេលឆាប់ៗនេះ ដោយលោក Araqchi បាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងតេអេរ៉ង់នឹងពិចារណាទាំងការគំរាមកំហែង និងឱកាសពីលោក Trump នៅក្នុងវិធានការឆ្លើយតបរបស់ខ្លួន៕