ភ្លើងឆេះព្រៃកំពុងវាយប្រហារកូរ៉េខាងត្បូង បានកើនឡើងទ្វេដងនៅថ្ងៃព្រហស្បតិ៍នេះ ធៀបនឹងកាលពីរយៈពេល ១ថ្ងៃមុន ស្របពេលដែលក្រុមអាជ្ញាធរ ចាត់ទុកភ្លើងឆេះព្រៃនេះថា ជាគ្រោះមហន្តរាយភ្លើងឆេះព្រៃធម្មជាតិដ៏អាក្រក់បំផុតពុំធ្លាប់មាន ដោយបានសម្លាប់មនុស្សយ៉ាងហោច ២៧នាក់ និងព្រះវិហារបុរាណជាច្រើនកន្លែង រងការឆាបឆេះគ្មានសេសសល់ ។
ផ្ទៃដីជាង ៣៣.០០០ហិចតា ត្រូវបានឆាបឆេះ ឬនៅកំពុងឆាបឆេះ នៅក្នុងភ្លើងឆេះព្រៃដ៏ធំបំផុតដែលបានចាប់ផ្តើមឡើងដំបូងនៅស្រុកភាគកណ្តាល Uiseong ធ្វើឲ្យវាក្លាយជាភ្លើងឆេះព្រៃធំបំផុតតែមួយគត់នៅក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូង ។ កំណត់ត្រាលើកមុន ផ្ទៃដី ២៤.០០០ហិចតា ត្រូវបានបំផ្លាញដោយសារភ្លើងឆេះព្រៃកាលពីខែមីនា ឆ្នាំ ២០០០ ។
ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោក Han Duck-soo បាននិយាយប្រាប់ជំនួបឆ្លើយតបរបស់រដ្ឋាភិបាលថា ពួកយើងកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារចំនួនគ្រោះថ្នាក់ច្រើនបែបនេះ និងដោយសារតែការរីករាលដាលភ្លើងឆេះព្រៃយ៉ាងឆាប់រហ័សពុំធ្លាប់ដែលមានពីមុនមក ។
យោធាកូរ៉េខាងត្បូង បានបញ្ចេញស្តុកប្រេងយន្តហោះ ដើម្បីជួយឲ្យឧទ្ធម្ភាគចក្របន្តពន្លត់ភ្លើងឆេះព្រៃនៅតាមតំបន់ភ្នំជាច្រើន ស្ថិតនៅភាគអាគ្នេយ៍ប្រទេស ជាកន្លែងដែលភ្លើងឆេះព្រៃ បានឆាបឆេះអស់រយៈពេលជិត ១សប្តាហ៍មកហើយ ។
ក្រសួងសុវត្ថិភាព និយាយថា ឧទ្ធម្ភាគចក្រជាង ១២០គ្រឿង ត្រូវបានដាក់ពង្រាយនៅតាមតំបន់ចំនួន ៣ ដើម្បីព្យាយាមពន្លត់ភ្លើងឆេះព្រៃ ។
កូរ៉េខាងត្បូងពឹងផ្អែកលើឧទ្ធម្ភាគចក្រ ដើម្បីទប់ស្កាត់អណ្តាតភ្លើង ដោយសារភ្លើងឆេះព្រៃនេះ ស្ថិតក្នុងលក្ខណៈភូមិសាស្រ្តតំបន់ភ្នំ ។ អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ បានស្លាប់កាលពីថ្ងៃពុធ ក្រោយឧទ្ធម្ភាគចក្ររបស់លោកបានធ្លាក់ អំឡុងពេលព្យាយាមពន្លត់អណ្តាតភ្លើង ៕