ឧត្តមសេនីយ៍ជាន់ខ្ពស់របស់ទីក្រុងគីវ នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែមីនា) នេះ បានប្រាប់ថា កងកម្លាំងរុស្ស៊ីកំពុងបង្កើនការវាយប្រហារ នៅតាមព្រំដែនភាគឦសាននៃប្រទេសអ៊ុយក្រែន ក្នុងគោលបំណងរុលចូលទៅក្នុងតំបន់ Sumy។
តំបន់ Sumy មានព្រំប្រទល់ជាប់តំបន់ Kursk របស់រុស្ស៊ី ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែនត្រូវបានវាយរុញច្រានឲ្យចេញពីដែនដីរុស្ស៊ី បន្ទាប់ពីពួកគេបានដណ្ដើមកាន់កាប់ អំឡុងការវាយលុកឆ្លងព្រំដែន កាលពីខែសីហាឆ្នាំមុន។
ខណៈពេលដែលកំពុងត្រួតពិនិត្យអង្គភាព នៅក្នុងតំបន់ Sumy លោក Oleksandr Syrskyi បាននិយាយថា កងទ័ពរបស់លោក កំពុងធ្វើប្រតិបត្តិការការពារ និងវាយលុក ដើម្បីរក្សាតំបន់ទ្រនាប់នៅខាងក្នុងតំបន់ Kursk។
លោកបានបន្ថែមនៅលើបណ្ដាញសង្គម Facebook ថា៖ «ទាហានរបស់យើងបន្តប្រតិបត្តិការការពារ ដើម្បីការពារសត្រូវកុំឲ្យវាយលុកចូលជ្រៅទៅក្នុងដែនដីអ៊ុយក្រែន»។
ការអត្ថាធិប្បាយរបស់លោក Syrskyi បានធ្វើឡើងបន្ទាប់ពីការព្រមានថ្មីរបស់ប្រធានាធិបតី លោក Volodymyr Zelenskiy ចុះផ្សាយនៅលើទំព័រសារព័ត៌មាន Le Figaro កាលពីល្ងាចថ្ងៃពុធ ដែលថា រុស្ស៊ីកំពុងរៀបចំការវាយលុកនៅនិទាឃរដូវ លើតំបន់ Sumy និង Kharkiv៕