នៅថ្ងៃព្រហស្បតិ៍នេះ ជប៉ុនបានបញ្ចេញផែនការ ដើម្បីជម្លៀសពលរដ្ឋ និងភ្ញៀវទេសចរប្រហែល ១២ម៉ឺននាក់ ចេញពីកោះតូចៗនៅភាគខាងត្បូងរបស់ខ្លួន ដែលស្ថិតនៅជិតកោះតៃវ៉ាន់ ក្នុងរយៈពេល ៦ថ្ងៃ ក្នុងករណីដែលវាបន្ទាន់ ។
ការិយាល័យគ្រប់គ្រងវិបត្តិជប៉ុន និយាយថា ផែនការត្រូវបានរួមបញ្ចូល ស្របពេលស្ថានភាពនៅជុំវិញប្រទេសរបស់ពួកយើង កាន់តែធ្ងន់ធ្ងរ ហើយមានគ្រាអាសន្ននៅក្នុងចិត្ត ។
អ្វីដែលជាគ្រាអាសន្នពិតប្រាកដ ពុំត្រូវបានបញ្ជាក់នោះទេនៅក្នុងផែនការនេះ ប៉ុន្តែពួកគេគិតទុកជាមុនចំពោះការជម្លៀសមនុស្សប្រហែល ១២ម៉ឺននាក់ដែលរស់នៅតាមកោះតូចៗចំនួន ៥របស់ជប៉ុន ស្ថិតនៅជិតកោះតៃវ៉ាន់ ។
គួរឲ្យដឹងថា ចិនប្រកាសសិទ្ធិកោះតៃវ៉ាន់ថា ជាផ្នែកមួយនៃដែនដីរបស់ខ្លួន ហើយពួកគេបានបង្កើនសំពាធយោធាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការលុកលុយដែនអាកាសស្ទើរាល់ថ្ងៃ ។
ទីក្រុងប៉េកាំង ពុំបានច្រានចោលនោះឡើយលទ្ធភាពនៃការប្រើប្រាស់កម្លាំង ដើម្បីដណ្តើមយកកោះស្វ័យគ្រប់គ្រងមួយនេះ មកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ ។
នៅក្រោមផែនការជម្លៀសខ្លួនរបស់ជប៉ុន នាវាយោធា នាវាចម្លងឯកជន និងយន្តហោះ នឹងត្រូវចល័ត ដើម្បីជួយដឹកជញ្ជូនមនុស្សចេញពីកោះតូចៗទាំងនោះ រួមទាំងកោះ Kyushu ស្ថិតនៅភាគនិរតីប្រទេសជប៉ុន ៕