យោធាអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានស្ទាក់ចាប់មីស៊ីល ២គ្រាប់ដែលបាញ់ចេញពីប្រទេសយេម៉ែន មុនពេលពួកវាហោះឆ្លងចូលទៅក្នុងដែនដីអ៊ីស្រាអែល បន្ទាប់ពីសំឡេងស៊ីរ៉ែន បានបន្លឺឡើងនៅតំបន់ជាច្រើន ក្នុងប្រទេសអ៊ីស្រាអែល ក្នុងនោះរួមទាំងទីក្រុងហ្សេរុយសាឡឹមផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ួទីគាំទ្រដោយអ៊ីរ៉ង់របស់យេម៉ែន បាននិងកំពុងបាញ់មីស៊ីល និងយានដ្រូនទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីបង្ហាញការគាំទ្រដល់ក្រុមយុទ្ធជនហាម៉ាស។ ចំណែកសហរដ្ឋអាមេរិក បាននិងកំពុងវាយលុកទីតាំងជាច្រើនរបស់ក្រុមហ៊ួទី នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ដោយប្រធានាធិបតី លោក Donald Trump បានប្តេជ្ញាថា នឹងឲ្យអ៊ីរ៉ង់ទទួលខុសត្រូវ ចំពោះការវាយប្រហារណាមួយដែលធ្វើឡើងដោយក្រុមឧទ្ទាមមួយនេះ។
ក្រុមហ៊ួទី គឺជាចលនាតស៊ូប្រដាប់អាវុធមួយដែលបានកាន់កាប់តំបន់មានប្រជាជនច្រើនជាងគេបំផុត ក្នុងប្រទេសយេម៉ែន បើទោះបីជាមានយុទ្ធនាការជិត ១ទសវត្សរ៍នៃការទម្លាក់គ្រាប់បែកដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតក៏ដោយ។
ក្រុមនេះក៏ជាផ្នែកមួយនៃអ្វីដែលអ៊ីរ៉ង់ហៅថា «ក្រុមចលនាតស៊ូអាក់ស៊ីស» ជាបណ្តាញប្រឆាំងនឹងអ៊ីស្រាអែល កងជីវពលក្នុងតំបន់ប្រឆាំងលោកខាងលិច ដែលក៏រួមមានក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងក្រុមហេសបូឡារបស់ប្រទេសលីបង់ផងដែរ ដែលក្រុមខាងក្រោយនេះត្រូវបានអ៊ីស្រាអែលផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អំឡុងយុទ្ធនាការវាយប្រហារទាំងផ្លូវអាកាស និងផ្លូវគោក កាលពីឆ្នាំមុន៕