
ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានប្រកាសឱ្យដឹងពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃរបស់នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ នៅកម្ពុជា ដែលបានឈានទៅដល់ចំណុចឯកភាពមួយនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ បានបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកានេះ ដោយបានចូលគាល់ព្រះមហាក្សត្រ សម្ដេចព្រះ នរោត្ដម សីហមុនី និងជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងប្រធានរដ្ឋសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន។
ប្រមុខរដ្ឋាភិបាលឡាវរូបនេះ ក៏បានជួបជជែកតទល់ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ផងដែរអំឡុងដំណើរទស្សនកិច្ចរបស់លោក។
ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ បានឯកភាពជំរុញឱ្យបញ្ចប់សេចក្ដីព្រាងផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។
ចំពោះបញ្ហាព្រំដែនវិញ មេដឹកនាំប្រទេសទាំងពីរ ឯកភាពប្រគល់ភារកិច្ចទៅគណៈកម្មាធិការចម្រុះព្រំដែននៃប្រទេសទាំងពីរ ដើម្បីពន្លឿនសន្ធិសញ្ញាកំណត់ព្រំដែនរវាងប្រទេសទាំងពីរ ការបោះបង្គោលព្រំដែនបំពេញបន្ថែម និងការផលិតផែនទីជាឧបសម្ព័ន្ធផងដែរ។
មេដឹកនាំកម្ពុជា និងឡាវ ក៏បានឯកភាពទៅលើការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខផងដែរ ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន។
សម្រាប់វិស័យពាណិជ្ជកម្មទ្វេភាគីវិញ មេដឹកនាំកម្ពុជា និងឡាវ បានសម្រេចជំរុញទៅអាជ្ញាធរពាក់ព័ន្ធឱ្យពន្លឿនកិច្ចព្រមព្រៀងស្ដីពីការចៀសវាងយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ និងពនលធលើប្រាក់ចំណូល។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងមកនៅកម្ពុជាលើកនេះក្នុងនាមជានាយករដ្ឋមន្ត្រីឡាវនោះ រដ្ឋាភិបាលកម្ពុជាក៏បានផ្ដល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-ចំនួន ៥០ម៉ឺនដូស សម្ភារៈបរិក្ខាពេទ្យ និងជំនួយជាថវិកាចំនួន ១៣លានដុល្លារផងដែរ ដែលមានការជួយឧបត្ថម្ភពីវិស័យឯកជនកម្ពុជាចំនួន ១០លានដុល្លារ៕


