បណ្ដាមេដឹកនាំពិភពលោក បានថ្កោលទោស និងប្ដេជ្ញាតបតយ៉ាងចាស់ដៃលើប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលបានបើកបង្ហាញវិធានការដំឡើងពន្ធថ្មី ដែលលើកនេះសំដៅលើឧស្សាហកម្មរថយន្តផលិតនៅបរទេស ជាមួយនឹងពន្ធបន្ថែម ២៥% លើការនាំចូលទាំងអស់ទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី០៣ ខែមេសា តទៅ។

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានលើកឡើងថា សង្រ្គាមពន្ធនោះជាសញ្ញានៃការបញ្ចប់ចំណងមិត្តភាពដ៏រឹងមាំរវាងកាណាដា និងអាមេរិក ដោយប្ដេជ្ញា "ប្រយុទ្ធ" នឹងពន្ធទាំងនោះ។ មន្ត្រីទាំងនៅកាណាដា និងម៉ិកស៊ិក បានចាត់ទុកយុទ្ធនាការពន្ធរបស់លោក Trump ថាជាការរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលប្រទេសទាំងបីបានចុះហត្ថលេខាក្នុងឆ្នាំ២០១៩ អំឡុងអាណត្តិដំបូងរបស់លោក។

ប្លុកអឺរ៉ុប ជាពិសេសអាល្លឺម៉ង់ បានព្រមានថា "អាមេរិក បានជ្រើសរើសផ្លូវដែលចុងបញ្ចប់គឺមានតែអ្នកចាញ់ប៉ុណ្ណោះ ដោយសារពន្ធ និងភាពឯកោ ប៉ះពាល់ដល់មនុស្សគ្រប់គ្នា"។ ប្រេស៊ីលព្រមានថា ការយកពន្ធអាចជំរុញឱ្យមានអតិផរណា ខណៈចក្រភពអង់គ្លេស ជប៉ុន និងប្រទេសដទៃជាច្រើនទៀត និយាយថាខ្លួននឹងបន្តដាក់ជម្រើសទាំងអស់នៅលើតុ ទាក់ទងនឹងការឆ្លើយតបរបស់ខ្លួនចំពោះការដំឡើងពន្ធរបស់លោក Trump ព្រមទាំងវិធានការសងសឹក។ អ្នកនយោបាយនៅអាមេរិកផ្ទាល់ ក៏ខ្វែងគំនិតគ្នាលើគោលនយោបាយពន្ធនេះដែរ។

អ្នកជំនាញនិយាយថា ពន្ធរបស់លោក Trump អាច 'បិទ' ឧស្សាហកម្មរថយន្តក្នុងពេលមួយសប្តាហ៍ ហើយប៉ះពាល់ខ្លាំងដល់ផលិតកម្ម។ អ្នករិះគន់ព្រមានថា ការដំឡើងពន្ធនឹងមិនជះឥទ្ធិពលភ្លាមៗលើការងារជនជាតិអាមេរិកទេ ប៉ុន្តែនៅទីបំផុតនឹងមានការបង្កើតខ្សែផលិតកម្មថ្មី ហើយពលរដ្ឋអាមេរិករាប់លាននាក់ប្រឈមការបាត់បងការងារ៕