ប្រភពសន្តិសុខមួយចំនួនបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ប្រទេសអេហ្ស៊ីប ដែលជាអ្នកសម្របសម្រួលមួយក្នុងការចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា បានទទួលការចង្អុលបង្ហាញជាវិជ្ជមានពីអ៊ីស្រាអែលជុំវិញសំណើបទឈប់បាញ់ថ្មីមួយដែលនឹងរួមបញ្ចូលដំណាក់កាលអន្តរកាល។ អ៊ីស្រាអែលទំនងជាទទួលយកលើសំណើរបស់អេហ្ស៊ីបលើការដោះលែងចំណាប់ខ្មាំង។

ប្រភពបាននិយាយថា សំណើនេះស្នើឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៥ នាក់ក្នុងមួយសប្តាហ៍។
ទូរទស្សន៍ Al Qahera ដែលមានទំនាក់ទំនងជាមួយរដ្ឋ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គណៈប្រតិភូសន្តិសុខមកពីប្រទេសអេហ្ស៊ីប បានធ្វើដំណើរទៅកាន់ប្រទេសកាតាសម្រាប់កិច្ចពិភាក្សា ដែលនឹងរួមបញ្ចូលការបង្កើនជំនួយដល់ដែនដីហ៊ុព័ទ្ធមួយនេះ និងការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់។

អំពើហិង្សាបានកើនឡើងនៅតំបន់ហ្កាហ្សាចាប់តាំងពីបទឈប់បាញ់កាលពីខែមករា បានបញ្ចប់នៅថ្ងៃទី ១៨ ខែមីនា បន្ទាប់ពីស្ងប់ស្ងាត់ពីរខែ។ការស្លាប់រង្គាលជិត១.០០០នាក់បានកើតឡើងជាថ្មី។
នៅពេលសួរពីសំណើចុងក្រោយនេះ មន្ត្រីប៉ាឡេស្ទីនដែលស្និទ្ធនឹងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលនេះ បាននិយាយថាមានការផ្តល់ជូនមួយចំនួនដែលមើលទៅប្រសើរជាងសំណើមុនៗ។
នៅពេលត្រូវបានសួរថាតើរូបលោករំពឹងថានឹងមានការប្រកាសអំពីរបកគំហើញនៅថ្ងៃព្រហស្បតិ៍ ឬអត់នោះ លោកបានឆ្លើយថាប្រហែលជាមិនទាន់ទេ។

ពុំមានការឆ្លើយតបភ្លាមៗពីការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu លើសំណើនេះទេ ប៉ុន្តែអ្នកនាំពាក្យបាននិយាយថា បច្ចុប្បន្នមិនមានគណៈប្រតិភូអ៊ីស្រាអែលនៅទីក្រុងដូហាទេ។អ៊ីស្រាអែល និងក្រុមហាម៉ាស បានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភបទឈប់បាញ់៕