លោកប្រធានាធិបតី Donald Trump បានចេញការគំរាមទាំងយប់ ថានឹងដំឡើងពន្ធកាន់តែខ្ពស់ថែមទៀតជាងការគ្រោងទុកលើសហភាពអឺរ៉ុប និងកាណាដា ប្រសិនបើពួកគេរួមដៃគ្នាសងសឹកឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់លោក។

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney និយាយថា ទំនាក់ទំនងចាស់ជាមួយអាមេរិក 'ចប់ហើយ'ដោយសារជម្លោះពន្ធ។
ចំណែកប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដំឡើងពន្ធលើរថយន្តអឺរ៉ុបដែលនាំចូល។លោកTrump បានព្រមានក្នុងការបង្ហោះលើបណ្ដាញសង្គមTruth Social កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ប្រសិនបើសហភាពអឺរ៉ុបរួមដៃគ្នាជាមួយប្រទេសកាណាដា ដើម្បីបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ការដំឡើងពន្ធកាន់តែច្រើន ដែលមានទំហំធំជាងការគ្រោងទុកនាពេលបច្ចុប្បន្ន នឹងត្រូវដាក់លើប្រទេសទាំងពីរ។

លោក Trump បានដាក់ចេញគោលដៅលើសហភាពអឺរ៉ុប និងកាណាដា ក្នុងទិវារំដោះជាតិ ដែលបានគ្រោងទុករបស់លោក គឺការដំឡើងពន្ធលើគ្នាទៅវិញទៅមក ឬពន្ធបដិការនៅសប្តាហ៍ក្រោយ។ ស្របពេលលោកបានគំរាមដាច់ដោយឡែកពីគ្នាក្នុងការដំឡើងកាតព្វកិច្ចលើប្រទេសទាំងពីរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោកពុំទាន់បានអនុវត្តវិធានការដោយផ្ទាល់ប្រឆាំងនឹងពួកគេនៅឡើយទេ។

កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក Trump បានប្រកាសថា ការដំឡើងពន្ធនឹងត្រូវបានដាក់លើរថយន្ត និងគ្រឿងបន្លាស់រថយន្តទាំងអស់ដែលមិនត្រូវបានផលិតនៅក្នុងសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ៣ ខែមេសា៕