អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៧ មីនា) ថា មនុស្សចំនួន ២៨លាននាក់ កំពុងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងតួលេខកំណត់ត្រាមួយសម្រាប់ប្រទេសនេះ ដែលជំរុញដោយជម្លោះកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាល និងក្រុមឧទ្ទាមគាំទ្រដោយប្រទេសរ្វ៉ាន់ដា នៅភាគខាងកើត។

វិបត្តិមនុស្សធម៌ដ៏យូរអង្វែងនៅកុងហ្គោ បានកាន់តែអាក្រក់ឡើងដោយជម្លោះដ៏ហិង្សាបច្ចុប្បន្ន ដោយមនុស្ស ២,៥លាននាក់ទៀត រងភាពស្រេកឃ្លានធ្ងន់ធ្ងរចាប់តាំងពីកំណើនពើហិង្សាថ្មីៗបំផុតនៅក្នុងខែធ្នូ នេះបើតាមការលើកឡើងរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) អង្គការសហប្រជាជាតិ និងអង្គការស្បៀងអាហារ និងកសិកម្ម (FAO)។

អ្នកដែលប្រឈមនឹងភាពស្រេកឃ្លានធ្ងន់ធ្ងរ ត្រូវចាត់ថ្នាក់ជាដំណាក់កាលទី៣ ឬខ្ពស់ជាងនេះ នៅក្នុងការបែងចែកចំណាត់ថ្នាក់សន្តិសុខស្បៀងរួម (IPC)។ ក្នុងចំណោមមនុស្ស ២៨លាននាក់នៅកុងហ្គោ មានមនុស្ស ៣,៩លាននាក់ ស្ថិតក្នុងដំណាក់កាលទី៤ ដែលមានន័យថាពួកគេកំពុងជួបប្រទះកម្រិតនៃភាពអត់ឃ្លានក្នុងគ្រាអាសន្ន ខណៈដំណាក់កាលទី៥ បង្ហាញពីគ្រោះទុរ្ភិក្ស។ គួរឱ្យដឹងថា ប្រទេសនេះមានប្រជាជនជាង ១០០លាននាក់។

ការប្រយុទ្ធគ្នារវាងរដ្ឋាភិបាល និងក្រុមឧទ្ទាម M23 គាំទ្រដោយរ្វ៉ាន់ដា បានកើនឡើងចាប់តាំងពីដើមឆ្នាំនេះ ទៅជាជម្លោះដ៏ធំបំផុតនៅភាគខាងកើតកុងហ្គោ ក្នុងរពេលជាច្រើនទស្សវត្សរ៍ ហើយរុញច្រានមនុស្សរាប់សែននាក់ឱ្យរត់ភៀសខ្លួន៕